(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាតាមប្រព័ន្ធអ៉ីនធើណែត ស្តីអំពី «ការបង្រួបបង្រួមសន្តិភាពនៃឧបទ្វីបកូរ៉េ៖ ទស្សនវិស័យសិក្សាធិការ និងវប្បធម៌» នៃកម្មវិធីគំនិតផ្តួចផ្តើមអាស៉ីប៉ាស៉ីហ្វិកភាគឦសានឆ្នាំ២០២១-២០២៣ ដែលរៀបចំឡើងដោយ អង្គការសហព័ន្ធសន្តិភាពសកល (UPF) ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក។
គោលបំណងនៃគំនិតផ្តួចផ្តើមនេះ ជាវិធីសាស្ត្រដើម្បីសន្តិភាព ត្រូវបានបង្កើតឡើតដើម្បីរួមចំណែកក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ តាមរយៈការចូលរួមពីអ្នកជំនាញការមកពីវិស័យសាធារណៈ សិក្សាធិការ អ្នកស្រាវជ្រាវ និងសង្គមស៉ីវិល ជាពិសេសការភ្ជាប់ទំនាក់ទំនងបុគ្គល ដោយស្វែងរកមធ្យោបាយដើម្បីផ្លាស់ប្តូរពីជម្លោះគាំងស្ទះ ឆ្ពោះទៅរកទំនាក់ទំនងដែលមានលក្ខណៈគោរពគ្នា កិច្ចសហប្រតិបត្តិការ និងការផ្សះផ្សារគ្នារវាងរដ្ឋាភិបាល និងប្រជាជនកូរ៉េទាំងពីរ។
នៅក្នុងឱកាសនេះផងដែរ លោក សួស យ៉ារ៉ា បានលើកឡើងថា ការទូតវប្បធម៌ជាមធ្យោបាយមួយដើម្បីសម្រេចបាននូវឧបទ្វីបកូរ៉េដោយសន្តិភាព ដោយតម្រូវឱ្យមានការអត់ធ្មត់ និងការចាប់ផ្តើមដាំគ្រាប់ពូជវប្បធម៌ ដែលអាចចំណាយពេល ១០ ទៅ ៥០ ឆ្នាំ ដើម្បីដើមឈើដុះនិងចេញផ្លែផ្កា។
លោកបញ្ជាក់បន្តថា «វប្បធម៌បង្កើតជាស្ពាននៃកិច្ចសន្ទនានិងការកសាងជំនឿទុកចិត្តគ្នារវាងប្រទេសនិងក្នុងតំបន់។ ការទូតវប្បធម៌ គឺជាមធ្យោបាយមួយដើម្បីសន្តិភាព និងវិបុលភាព»។
សូមបញ្ជាក់ជូនថា ACC ត្រូវបានប្រកាសបង្កើតជាផ្លូវការនៅខែមករា ឆ្នាំ២០១៩ នៅសៀមរាបអង្គរ ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ ធ្វើឱ្យរើកចម្រើននៃការឯកភាពក្នុងចំណោមជាតិសាសន៍ចម្រុះគ្នា តភ្ជាប់អរិយធម៌ និងបង្កើតសុខដុរមនានៅក្នុងទ្វីបអាស៉ី និងប្រែក្លាយវប្បធម៌ជាប្រភពនៃសន្តិភាពជាប្រភពនៃសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕