Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រីមាសទី១ ក្នុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល ៦១៦សំណើ

31-03-2021 10:45

(សៀមរាប)៖ លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា ប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំអនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង ៥ គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបាន ៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋ ៦១៦សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាន នៅស្រុកប្រាសាទបាគងបាន ៧៩សំណើ ស្រុកអង្គរធំបាន ១៧៥សំណើ ស្រុកពួកបាន ៩៧សំណើ ក្រុងសៀមរាបបាន ១២០សំណើ និងស្រុកបន្ទាយស្រីបាន ១២៧សំណើ រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរ ១៨សំណើ សរុបចំនួន ៦១៦សំណើ។

ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង ១១២ភូមិ ក្នុងតំបន់អង្គរ។

ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕