(ក្រចេះ)៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីជាប់គាំងក្នុងអណ្តូងទឹកមួយកន្លែង ដោយសារគ្មានខ្យល់ឧស្ម័នអ៊ុកស៊ីនសែន។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមការបញ្ជាក់ឲ្យដឹងពីប្រជាពលរដ្ឋនៅជិតកន្លែងកើត បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឃីន ជឿន អាយុ៥០ឆ្នាំ និងជនរងគ្រោះដែលត្រូវបានសង្គ្រោះទាន់ពេលមានឈ្មោះ ប្រុញ ឡុច អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (សន្លប់បាង់បង់ស្មារតី)។
នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃីន ជឿន និងកូនស្រី បានចុះតទុយយោម៉ូទ័របូមទឹកក្នុងអណ្តូងនៅខាងក្រោយផ្ទះ ស្រាប់តែពេលចុះទៅដល់ក្នុងអណ្តូងក៏សន្លប់បាត់ស្មារតី។
ពេលឃើញហេតុការណ៍បែបនោះ កូនស្រីរបស់ជនរងគ្រោះក៏បានស្រែកហៅអ្នកភូមិឲ្យជួយជនរងគ្រោះផង។ ពេលនោះបុរសឈ្មោះ ប្រុញ ឡុច និងឈ្មោះ តុងអ៊ី ក៏បានទៅដល់ ហើយឈ្មោះ ប្រុញ ឡុច ក៏បានចុះទៅជួយ ស្រាប់តែសន្លប់ដូចគ្នា ទាំងពីរនាក់នៅក្នុងអណ្តូងទឹកនោះតែម្តង ដោសារមូលហេតុ គ្មានខ្យល់ឧស្ម័នអ៊ុកស៊ីសែន (អ្នកភូមិបានធ្វើការពិសោធន៍ដោយយកភ្លើងទៀនដាក់ចូលក្នុងអណ្តូងទឹកនោះ)។
ពេលនោះអ្នកភូមិក៏ផ្អើលទៅជួយសង្គ្រោះអ្នកទាំងពីរ និងបានបញ្ជូនជនរងគ្រោះឈ្មោះ ឃីន ជឿន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប៉ុន្តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រារព្ធធ្វើពិធីបុណ្យសពតាមទំនៀមទំលាប់ប្រពៃណី៕