អាជ្ញាធរខេត្តស្វាយរៀង ត្រៀមអគារមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល សម្រាប់ទុកព្យាបាលអ្នកកើតកូវីដ ក្រោយមានករណីឆ្លងកើនឡើងជាបន្តបន្ទាប់, អ្នកប៉ះពាល់ជាង៥០០នាក់ និងទីតាំង៣១កន្លែង ត្រូវបានបិទ
31-03-2021 08:26
(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង ដើម្បីបំពាក់សម្ភារបរិក្ខាពេទ្យផ្សេងៗ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីទីតាំងអគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ គ្រប់ចំនួនកំណត់នោះ។
លោកអភិបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់ «៣ការពារ ៣កុំ»។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អ្នកកើតជំងឺកូវីដនៅខេត្តស្វាយរៀងកើនដល់២៥នាក់ ក្នុងនោះស្រី១០នាក់ និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលសរុបចំនួន ៥៤៥នាក់ ស្រី២២១នាក់។
លោក តូច ប៉ូលីវ៉ា បានបន្ថែមថា សម្រាប់ទីតាំងដែលត្រូវបិទសរុបចំនួន ៣១ទីតាំង រួមមាន៖
ទី១៖ ក្រុងបាវិតចំនួន ១៤ទីតាំង
ទី២៖ ក្រុងស្វាយរៀងចំនួន ៣ទីតាំង
ទី៣៖ ស្រុករមាសហែកចំនួន ១២ទីតាំង
ទី៤៖ ស្រុកស្វាយជ្រំ ចំនួន២ទីតាំង៕