(ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចុះឈ្មោះប្រជាពលរដ្ឋអ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត នៅក្នុងក្រុងព្រះសីហនុ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា រដ្ឋបាលក្រុងបានរៀបចំទីកន្លែងសម្រាប់ចុះឈ្មោះប្រជាពលរដ្ឋអ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត នៅក្នុងក្រុងព្រះសីហនុ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១៥ទីតាំង ដោយទទួលចុះឈ្មោះចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។
ក្នុងនោះរដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការណែនាំថា អំឡុងពេលប្រជាពលរដ្ឋទៅចុះឈ្មោះ សូមរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីបង្ការហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ សូមគោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងវិធានការនានារបស់
ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ហើយការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ត្រូវចាក់ចំនួន២លើក តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងត្រូវភ្ជាប់ មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ មានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬសៀវភៅ ស្នាក់នៅ ឬ លិខិតឆ្លងដែន ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់នៅពេលចុះឈ្មោះ និងនៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕