(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង អមដំណើរដោយលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងមន្ដ្រីជាច្រើនរូបទៀត បានបន្តចុះសាកសួរសុខទុក្ខចែកអំណោយជូនដល់ប្រជាជន ដែលមានជីវភាពខ្វះខាត ចំនួន២១នាក់ កំពុងរស់នៅផ្ទះជួលលេខ១៤២z ផ្លូ៤៣០ សង្កាត់ទំនប់ទឹក ដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
លោក ធឹម សំអាន បានស្នើដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់នៅក្នុងភូមិខណ្ឌ ឲ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី ពិនិត្យលទ្ធភាពបញ្ចុះតម្លៃផ្ទះ ឬឈ្នួលបន្ទប់ ដល់អ្នកកំពុងធ្វើចត្តាឡីស័ក។ ប៉ុន្ដែប្រជាពលរដ្ឋត្រូវបន្តអនុវត្តតាមការណែនាំនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។
ខណៈចុះផ្តល់ស្បៀងអាហារនោះ លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថា មានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ។
លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងគិតគូរ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
បន្ថែមពីនេះ លោកស្នើសុំដល់ម្ចាស់បន្ទប់ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ពេលមានការអ្វីបន្ទាន់ សូមរាយការណ៍ទៅមេភូមិ ចៅសង្កាត់ ឬមេប៉ុស្តិ៍ ដើម្បីអាជ្ញាធរចុះអន្តរាគមន៍បានទាន់ពេលវេលា ដោយហេតុថាប្រមុខរាជរដ្ឋាភិបាល ក៏ដូចអភិបាលរាជធានីតែងតែដាស់តឿនអាជ្ញាធរ ឲ្យយកចិត្តទុកដាក់គិតគូរដល់ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប គឺសម្តេចតេជោមិនទុកឲ្យប្រជាពលរដ្ឋដែលមានទុក្ខលំបាកណាម្នាក់ នៅឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះ។
លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖ អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ទឹកត្រី ចំនួន០១យួរ, ម៉ាស ចំនួន១០, ទឹកបរិសុទ្ធ ចំនួន០១កេស, ស្ករស១គីឡូ និងប្រេងឆា១ដប៕