(ភ្នំពេញ)៖ បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើចំនួន២៧អង្គការ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ បានសម្តែងនូវអំណរសាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅពេលដែលស្ថានភាពនៃការកាប់បំផ្លាញ និងការដឹកជញ្ជូនឈើ កំពុងតែមានសកម្មភាពយ៉ាងខ្លាំងក្លា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើបានលើកឡើងថា «ចំណាត់ការដ៏ក្តៅគគុករបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈ និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ នាំចេញទៅប្រទេសវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ យើងមានការសោកស្តាយ ចំពោះយន្តការផ្លូវច្បាប់ដែលមានស្រាប់ ដែលអាចឲ្យយើងធ្វើការឆ្លុះបញ្ចាំងពីការងារកន្លងមក ចំពោះបទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា»។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា «ទន្ទឹមនឹងនេះផងដែរ យើងខ្ញុំទាំងអស់គ្នាជាបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះខែ្សសង្វាក់ នៃការផ្គត់ផ្តង់ឈើ ដែលមិនមានទិន្នន័យច្បាស់លាស់បញ្ជាក់ពីបរិមាណឈើនាំចេញមកពីប្រភពផ្សេងៗ រួមមានពីសហគមន៍ព្រៃឈើចម្ការឈើ និងដីឯកជន គម្រោងអាជីវកម្មរ៉ែ ទំនប់វារីអគ្កិសនី ជាពិសេស ពីសម្បទានដីសេដ្ឋកិច្ច ដែលពាក់ព័ន្ធក្នុងការប្រមូលទិញឈើពីសំណាក់ឈ្មួញឈើខុសច្បាប់ នៅជុំវិញតំបន់សម្បទាន។ កត្តាទាំងអស់នេះនឹងបណ្តាលឲ្យព្រៃឈើ នៅកម្ពុជាបាត់បង់ក្នុងរយៈពេលដ៏ខ្លី ប្រសិនបើពុំមានអន្តរាគមន៍ ដោះស្រាយទាន់ពេលវេលាទេ នឹងធ្វើឲ្យប៉ះពាល់ដល់កម្មវិធីស្តារគម្របព្រៃឈើ កម្មវិធីឥណទានកាបូន ប៉ះពាល់ដល់ការជួយរក្សាលំនឹងទឹកក្រោមដី ជាពិសេស ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាសហគមន៍មូលដ្ឋានដែលពឹងអាស្រ័យផល អនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ យើងខ្ញុំទាំងអស់គ្នា មិនប្រឆាំងចំពោះការអភិវឌ្ឍន៍នោះទេ តែសូមឱ្យអនុវត្តទៅតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ ធានាបាននូវសមធម៌នៃគម្រោងអភិវឌ្ឍន៍ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានក្នុងកម្រិតអប្បបរមា»។ យោងតាមសេចក្តីដូចបានជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា សំណូមពរដល់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ តុលាការ និងស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធនូវសំណើមួយចំនួនដូចខាងក្រោម៖
១. សូមឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាត់វិធានការ និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា ។
២. បង្ហាញពីតម្លាភាពចំពោះលទ្ធផលនៃការបង្ក្រាបនេះដល់សាធារណជនបានដឹង ទាំងបរិមាណឈើដែលបានចាប់ ជនល្មើសពាក់ព័ន្ធ ព្រមទាំងចាត់ការជនល្មើសដែលលួចដុតឈើ ។
៣. ដើម្បីឲ្យមានដំណោះស្រាយយូរអង្វែង ត្រូវពង្រឹងការអនុវត្តច្បាប់ របស់មន្រ្តីអនុវត្តច្បាប់ទាំងអស់ឲ្យខ្លាំងកា្ល និងមានប្រសិទិ្ធភាព តាមរយៈការនាំខ្លួនមេខ្លោង និងអ្នកសមគំនិត យកមកកាត់ទោសស្របទៅតាមច្បាប់ដែលមានជាធរមាន ។
៤. សូមឲ្យបញ្ឈប់គ្រប់រូបភាពគម្រាមកំហែង ពីប្រព័ន្ធតុលាការ និងកងកម្លាំងមានសមត្ថកិច្ចចំពោះសកម្មជនការពារព្រៃឈើ ។
៥. ផ្តល់សិទិ្ធអំណាចបន្ថែមទៀតចំពោះកិច្ចការពារព្រៃឈើដល់ប្រជាសហគមន៍មូលដ្ឋាន ។
៦. ពន្លឿនការទទួលស្គាល់ស្របច្បាប់ចំពោះសហគមន៍ដែលមានស្រាប់ ដូចជាសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារ សហគមន៍នេសាទ និងការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ព្រមទាំងផ្តល់កញ្ចប់ថវិកាជាតិសមស្រប ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការចូលរួមទប់ស្កាត់បទល្មើស គ្រប់គ្រង ប្រើប្រាស់ និងថែរក្សាធនធានព្រៃឈើ ក៏ដូចជាធនធានធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់។
៧. បទពិសោធន៍ដែលទទួលបានពីវិធានការក្តៅនេះ គួរយកទៅឆ្លុះបញ្ចាំងទៅនឹងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ដើម្បីធ្វើវិសោធនកម្ម កែលម្អឲ្យល្អប្រសើរ ឧទាហរណ៍ដូចជាបញ្ឍប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចបន្តទៀតជាដើមព្រោះវាជាដើមចមសំខាន់នៃការបាត់បង់ព្រៃឈើ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង សមាជិក និងគណៈកម្មការបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ៖
១. លោក អាង ជាតិឡោម អង្គការពន្លកខ្មែរ (PKH) ០១២ ៥១៧ ៩៤៣
២. លោក ជិន ថាវរ៉ូ អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO) ០១៦ ៨៦៤ ៦៥៤
៣. លោក ឯម សុភ័ក្រ្ត មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) ០១២ ៩៧៨ ៩៣៥
៤. លោកស្រី ដំា ចន្ធី អង្គការសមាគមខ្មែរលើ - ខេត្តរតនគិរី (HA) ០១២ ៤៣៤ ៦៧០
៥. លោក គឹម សេរីគិត អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព (DPA) ០១៧ ២៧៩ ៨៦៨
៦. លោកស្រី យុន ម៉ានេ អង្គការជនជាតិដើមភាគតិចនៅកម្ពុជា (CIPO) ០១២ ៣១៧ ៣៦៨
៧. លោក ឈឹម សាមុត សមាគមន៍យុវជនជនជាតិដើមភាគតិចនៅកម្ពុជា (CIYA) ០១២៩៦០៥១៥
៨. លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ០១២ ៧៩៣ ៤៨៩៕