Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនបារី ថិចសាស ថឹប៊ែកខូ ខេមបូឌា ឧបត្ថមអង្ករ៥តោន ជូនរដ្ឋបាលខណ្ឌសែនសុខ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

30-03-2021 19:59

(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្នុងបរិបទជំងឺកូវីដ-១៩ កំពុងតែរាតត្បាតដែលប៉ះពាល់ដល់ជីវភាព សុខភាពប្រជាពលរដ្ឋ និងបានឆក់យអាយុជីវិតប្រជាជនជាបន្តបន្ទាប់ ជាពិសេសអ្នកដែលត្រូវធ្វើចត្តាឡីស័កមិនអាចចេញក្រៅបាន និងប្រជាពលរដ្ឋដែលខ្វះខាត មិនអាចចេញ រកទទួលទាន និងប្រកបរបរបាន ដោយការចូលរួមបង្កាការពារជំងឺឆ្លងនេះ ពិតជាត្រូវការជំនួយពីសប្បុរសជន តាមរយៈអាជ្ញាធរខណ្ឌ ដើម្បីរួមចំណែករំលែកការលំបាកខ្លះៗជូនដល់ពួកគាត់។

លោកអភិបាលបញ្ជាក់បន្ថែមទៀតថា ដោយកាយវិការគុណធម៌ មនុស្សធម៌ ជាក់ស្តែងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌសែនសុខ បានទទួលអំណោយពីលោក តែ សុខឡុង និងលោកស្រី ម៉េង វី អគ្គនាយកក្រុមហ៊ុនបារី ថិចសាស ថឹប៊ែកខូ ខេមបូឌា ដែលបានឧបត្ថមជាស្បៀងអង្ករ ចំនួន៥តោន ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌសែនសុខ ចំពោះយុទ្ធនាការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន។

ទឹកចិត្តគុណធម៌ចូលរួមចំណែករបស់លោកអគ្គនាយកក្រុមហ៊ុន ក្នុងពេលលំបាកនេះ គឺពិតជាមានតំលៃណាស់ បានបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់ទាំងស្មារតី និងសម្ភារៈ ចែករំលែកជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយកាត់បន្ថយការលំបាកមួយផ្នែក ដែលយើងត្រូវចងចាំ «ជួយគ្នាក្នុងគ្រាលំបាក»។

លោក ម៉ូវ ម៉ានិត ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក តែ សុខឡុង និងលោកស្រី ម៉េង វី នូវទឹកចិត្តដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ហើយអង្ករទាំងនេះនឹងត្រូវបានទៅដល់អ្នកដែលលំបាកពិតប្រាកដ តាមរយៈអាជ្ញាធរខណ្ឌ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕