(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ អាស៊ានលើទី២៥ (25th AFMM),កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ានលើកទី៧ (7th AFMGM) និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន បានជួបពិភាក្សា និងបផ្លាស់ប្ដូរទស្សនៈ ជាមួយតំណាង ពីបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) អំពី (១). ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក , (២). ការអនុវត្តវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ របស់បណ្តាប្រទេសអាស៊ាន, (៣). ការស្តារសេ ដ្ឋកិច្ចតំបន់ឡើងវិញ ប្រកបដោយចីរភាព និង បរិយាប័ន្នក្រោយវិបត្តិជំងឺកូវីដ១៩ និង(៤). ប្រធានបទពាក់ព័ន្ធ នឹងការអភិវឌ្ឍ រួមមាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកៀរគរចំណូលក្នុងស្រុក ជាដើម។
ក្នុងកិច្ចពិភាក្សានេះ លោក វង្សី វិស្សុត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការ ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់ មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការ អន្តរាគមន៍ ចំនួន៨ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ២០២០ និង៧១៩ លានដុល្លារក្នុងឆ្នាំ២០២១។
បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ ដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់ លើអភិក្រមចំនួន ៣ គឺ (១). ការងើបឡើងវិញ និងការរស់រាន (Revival and Survival) ៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីស្តារឡើងវិញ នូវកំណើនសេដ្ឋកិច្ច, (២). ការកែទម្រង់ (Reform) ៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង (៣). ការលើកកម្ពស់ភាព ធន់ (Resilience)៖ ពង្រឹងការត្រៀមខ្លួន របស់កម្ពុជាទៅនឹងវិបត្តិ ដែលនឹងអាចកើតឡើងនាពេលអានាគត។
ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន លើកទី ២៥ (25th AFMM) និងកិច្ចប្រជុំរួម រវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ាន លើកទី ៧ (7th AFMGM) នេះ អង្គប្រជុំ បានធ្វើការស្វាគមន៍ និងគាំទ្រដល់ សមិទ្ធផលអាទិភាព (Priority Deliverables) សម្រាប់វិស័យហិរញ្ញវត្ថុ ចំនួន ៣ ដែលកំណត់ដោយប្រទេសព្រុយណេ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ ២០២១ សំដៅពង្រឹងដល់ការធើ្វសេរីភាវូនីយកម្ម សេវាហិរញ្ញវត្ថុតំបន់, លើកកម្ពស់កំរិតចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ជំរុញ បរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ ការផ្តល់ ហិរញ្ញប្បទាន ប្រកបដោយចរីភាព។
បន្ថែមពីនេះ អង្គប្រជុំ ក៏បានធ្វើការកត់សម្គាល់ លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ដូចជា៖ ការអនុម័តផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងថ្មីៗ ក្រោមយន្តការហេដ្ឋារចនាសម្ព័ន្ធបៃតង និងបរិយាប័ន្ន (Green and Inclusive Infrastructure Window-GIIW) នៃយន្តការហេដ្ឋារចនា សម្ព័ន្ធអាស៊ាន (AIF) (គួររំលេចគម្រោង របស់កម្ពុជា៑ ដែលក្នុងនោះ ក៏មានគម្រោងមួយ របស់កម្ពុជា ស្តីពី «ការលើកកម្ពស់ភាពប្រកួតប្រជែង និងសុវត្ថិភាព នៃខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម» ដែលមានទឹកប្រាក់ ចំនួន ៥ លានដុល្លារអាមេរិក ផងដែរ, ការអនុវត្តកម្មវិធីធានារ៉ាប់រង លើហានិភ័យ គ្រោះមហន្តរាយអាស៊ាន (ADRFI) ដំណាក់កាលទី២, ការអភិវឌ្ឍទីផ្សារមូលបត្រអាស៊ាន, កិច្ចសហប្រតិបត្តិការគយ និងពន្ធដារ, ជាពិសេស ជាការបញ្ចប់ការចរចា លើពិធីសារដើម្បីអនុវត្តកញ្ចប់ទីប្រាំបួន នៃការប្តេជ្ញាបើកចំហរសេវា ហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវា (AFAS)។
ជារួម នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច តំបន់ពីវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន បណ្តារដ្ឋមន្រ្តី ហិរញ្ញវត្ថុអាស៊ាន បានធ្វើការប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់លើវិស័យហិរញ្ញវត្តុឱ្យកាន់តែស៊ីជម្រៅ ជាពិសេស ផ្តោតលើការបង្កើត វត្តិករសាស្ត្រអាស៊ាន (ASEAN Taxonomy) ស្តីពីការផ្តល់ហិរញ្ញប្បទាន ប្រកបដោយចីរភាព និងការជំរុញឌីជីថលលូបនីយកម្ម ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងបរិបទនៃការឆ្ពោះរកសេដ្ឋកិច្ចឌីជីថល។
ក្រៅពីនេះ លោក វង្សី វិស្សុត ក៏បានចូលរួមក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្រ្តី ហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ាន ជាមួយក្រុម ប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC), ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក (US-ABC), និងក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ ការជំរុញសេដ្ឋកិច្ចឌីជីថល, ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល, ថាមពលបៃតង និងការផ្តល់ហិរប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនោះ លោក វង្សី វិស្សុត បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ ទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន៕