មនុស្ស២៣នាក់ នៅសណ្ឋាគារ Arthur and Paul សង្កាត់បឹងកេងកងទី១ ត្រូវបានគ្រូពេទ្យយកសំណាកលើកទី២
30-03-2021 19:26
(ភ្នំពេញ)៖ មនុស្ស ២៣នាក់ (ស្រី ២នាក់) ដែលស្នាក់នៅសណ្ឋាគារ Arthur and Paul តាមបណ្ដោយផ្លូវលេខ ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ត្រូវបានក្រុមគ្រូពេទ្យ TYDA យកសំណាកលើកទី២ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ខណៈអ្នកដែលយកសំណាករួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯង តាមការណែនាំរបស់ក្រសួងសុខាភិបាល។
របាយការណ៍របស់រដ្ឋបាលខណ្ឌបឹងកេងកង បានឱ្យដឹងថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៖៥០ នាទីរសៀល ក្រុមគ្រូពេទ្យ TYDA បានទៅយកសំណាកលើកទី២ ពីមនុស្សចំនួន ២៣នាក់ ដែលស្នាក់នៅសណ្ឋាគារ Arthur and Paul អគារលេខ២៧ ផ្លូវលេខ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ការយកសំណាកត្រូវបានបញ្ចប់នៅវេលាម៉ោង ២៖៤០ នាទីរសៀលថ្ងៃដដែល។
ពាក់ព័ន្ធនឹងការយកសំណាកខាងលើនេះ រដ្ឋបាលខណ្ឌបឹងកេងកងបានបញ្ជាក់ថា «នៅមានភ្ញៀវស្នាក់នៅ ២នាក់ទៀត ដែលអវត្តមានក្នុងការយកសំណាកនេះ»។
ក្រោយបញ្ចប់ការងារយកសំណាកលើកទី២ នេះហើយ អាជ្ញាធរបានអនុញ្ញាតឱ្យសណ្ឋាគារខាងលើបើកដំណើរការធម្មតា ប៉ុន្តែត្រូវបិទកន្លែងស្ទីម សូណា និងម៉ាស្សា៕