(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី ព្រមទាំងបុត្រាបុត្រី រួមជាមួយអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះជួយខេត្តសៀមរាប បានប្រគេនទេយ្យទានដល់ព្រះសង្ឃ ៣៣វត្ត នៅស្រុកពួក ខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ នៅបុរីសៀងណាំ២ សង្កាត់ក្របីរៀល ក្រុងសៀមរាប ដោយមានការនិមន្ត/អញ្ជើញចូលរួមពីព្រះសង្ឃ ៣៣អង្គ និងវត្តមានលោក នាក់ ណេរ៉ុន និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំ អាជីវករនាំមួយចំនួនទៀតផងដែរ។
អ្នកឧកញ៉ា សៀម ណាំ បានឲ្យដឹងថា ពិធីប្រគេនទេយ្យទាន នាថ្ងៃនេះ កើតឡើងដោយមានការណែនាំពីសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានឲ្យអ្នកឧកញ៉ា សហការជាមួយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីរៀបចំទេយ្យទានប្រគេនព្រះសង្ឃក្នុងខេត្តសៀមរាប ដោយហេតុថា ប្រជាពលរដ្ឋនៅសៀមរាបភាគច្រើនត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ដើម្បីការពារជំងឺកូវីដ១៩ ហើយមិនបានចេញក្រៅ មិនបានយកចង្ហាន់ទៅវត្តដូចធម្មតា ដែលធ្វើឲ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យបួនផងដែរ។
សម្រាប់ទេយ្យទានដែលបានវេរប្រគេនព្រះសង្ឃទាំង ៣៣វត្ត ក្នុងមួយវត្តៗមានថវិកា ៥០ម៉ឺន អង្ករ ២០០គីឡូម៉ែត្រ ស្ករស ៥០គីឡូម៉ែត្រ អំបិល ៥០គីឡូម៉ែត្រ ប៊ីចេង ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកដោះគោ ទឹកសុទ្ធ។
សូមបញ្ជាក់ថា ទេយ្យទានដូចគ្នានេះ បានវេរប្រគេនព្រះសង្ឃចំនួន ៤៦វត្ត កាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលចំណាយ អស់ប្រមាណជាង ៣ម៉ឺនដុល្លារអាមេរិក៕