(ភ្នំពេញ)៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ Bunker Room និងម៉ាស៊ីន Accelerator មានកំលាំង (6 M.V Linear) នៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀតទៀត។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ទន្ទឹមនឹងការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ Bunker Room និង ម៉ាស៊ីន accelerator(6 M.V Linear) ដែលជាម៉ាស៊ីនសម្រាប់ព្យាបាលជំងឺមហារីកដ៏ទំនើបទី១ និងប្រសិទិ្ធភាពបំផុតនៅកម្ពុជា។ លោកក៏បានជំរុញឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវតែខំខិតប្រឹងប្រែងពង្រឹងសមត្ថភាព និងប្រតិបត្ដិវិជ្ជាជីវៈរបស់ខ្លួន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ទាន់ពេលវេលាទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកបន្ដថា «ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ដែលមកពិនិត្យនៅពេលរដ្ឋ បើមានខ្វះខាតអីក៏ដោយ សូមមកជួបជាមួយនឹងគ្រូពេទ្យ ឬនាយកមន្ទីរពេទ្យ ដោយនិយាយគ្នា និងពិគ្រោះគ្នា ដើម្យឲ្យមានការប្រាកដប្រជាថា យើងមានបញ្ហាអ្វី ហើយយើងនឹងឆ្លើយតប សម្រួលជួយដល់ពួកគាត់គ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកធ្វើឲ្យវិស័យសុខាភិបាលយើង ឲ្យបានកាន់តែល្អ»។
ទន្ទឹមនឹងនោះ លោកសាស្ដ្រចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានលើកឡើងផងដែរថា លោកនឹងប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកទាំងសមត្ថភាព និងសេវាកម្ម ដើម្បីអភិវឌ្ឍស្របតាមតម្រូវការ របស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរថែមទៀត។
លោកបន្ដថា នៅក្រោមការជួយជ្រោមជ្រែង និងគាំទ្រ ពីថ្នាក់ដឹកក្រសួងសុខាភិបាល និងការជួយឧបត្ថម្ភថវិការពីកម្មវិធីទ្រទ្រង់វិស័យសុខាភិបាលជំហានទីពីរ (HSSP2)ដៃគូអភិវឌ្ឍន៍នានា និងអង្គការក្រៅរដ្ឋាភិបាល មន្ទីរពេទ្យទទួលបានអគារ Bunker Room និងបំពាក់នូវម៉ាស៊ីន acceleratorកំលាំង (6 M.V Linear) ។
លោកបន្ថែមថា accelerator កំលាំង (6 M.V Linear) ដែលជាម៉ាស៊ីនព្យាបាលជម្ងឺមហារីកដោយកម្មវិធីរស្មីថ្មីបំផុតទី១ នៅកម្ពុជា យើងដែលមានតម្លៃសរុប ១ ៤៩៦ ០០០ដុល្លារ និងត្រូវបានបំពាក់ដោយក្រុមហ៊ុន Neusoft និងក្រុមហ៊ុន Envisioning Co.,Ltd ពីដើមឆ្នាំ២០១៥ ហើយត្រូវបានបំពេញជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាមួយនឹងឧបករណ៍សម្ភារៈទំនើបៗនេះ ធ្វើឲ្យមន្ទីរពេទ្យមានលទ្ធភាពផ្ដល់សេវាកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ ដែលមានជំងឺមហារីក៕