(កំពង់ឆ្នាំង)៖ នៅខេត្តកំពង់ឆ្នាំង អ្នកដែលពាក់ព័ន្ធនឹងអ្នកផ្ទុកជំងឺកូវីដ១៩ ឈ្មោះគ្រូពេទ្យ «សាន ភីរ៉ូ» ទាំង ១៧នាក់ ទទួលបានលទ្ធផលតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។
គ្រូពេទ្យ សាន ភីរ៉ូ នៃមន្ទីរពេទ្យសម្រាកព្យាបាល «សាន ភីរ៉ូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានកូវីដ១៩ បានទៅផ្ទះឪពុកម្ដាយរបស់នៅក្នុងភូមិក្រាំងសាម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានចូលមកសាលាឃុំស្វាយជុក ដើម្បីធ្វើឯកសារដីធ្លី កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសថា គ្រូពេទ្យ សាន ភីរ៉ូ ឆ្លងកូវីដ១៩ ហើយនោះ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានស្វែងរកអ្នកពាក់ព័ន្ធ បានចំនួន ១៧នាក់ និងយកពួកគេទៅដាក់ឲ្យធ្វើចត្តាឡីស័ក ខណៈសំណាកវិញត្រូវបានយកទៅធ្វើតេស្ត នៅរាជធានីភ្នំពេញ។
លោកស្មៀនឃុំស្វាយជុក បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា អ្នកដែលពាក់ព័ន្ធនឹងអ្នកផ្ទុកជំងឺកូវីដ១៩ ឈ្មោះគ្រូពេទ្យ «សាន ភីរ៉ូ» ទាំង ១៧នាក់ ទទួលបានលទ្ធផលតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់ ហើយពួកគាត់ក៏កំពុងតែត្រូវបានតាមដានសុខភាពបន្ត ដោយគោរពតាមវិធានការសុខាភិបាលផងដែរ។
សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង មានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកឆ្លងកូវីដ១៩ កើនដល់ ២៤៧នាក់។ នេះបើតាមមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ២៤៧នាក់នោះ កើតឡើងមកពី ៣ប្រភព រួមមាន៖
* ប្រភពទី១៖ ចំនួន ២២៩នាក់ ពាក់ព័ន្ធនឹងពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ ដែលមានកូវីដ១៩ និងបានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១
* ប្រភពទី២៖ ចំនួន ១នាក់ (ជាអ្នកខេត្តកំពត) ពាក់ព័ន្ធនឹងមិត្តស្រីរបស់ខ្លួន ដែលមានកូវីដ១៩ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបាននាំគាត់ ទៅលេងស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១
* ប្រភពទី៣៖ ចំនួន ១៧នាក់ ពាក់ព័ន្ធនឹងពាក់ព័ន្ធជាមួយគ្រូពេទ្យ សាន ភីរ៉ូ ដូចរៀបរាប់ខាងលើនេះ។
សូមជម្រាបថា អ្នកដែលពាក់ព័ន្ធនឹងប្រភពទី១ គឺពីប្តី និងប្រពន្ធមកពីរាជធានីភ្នំពេញ និងប្រភពទី២ គឺពីមិត្តស្រីរបស់ខ្លួន សរុប ២៣០នាក់ ក៏ទទួលបានលទ្ធផលលើកទី១ អវិជ្ជមានទាំងអស់ផងដែរ។ អ្នកដែលពាក់ព័ន្ធនឹងប្រភពទី១ លទ្ធផលបង្ហាញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ខណៈអ្នកដែលពាក់ព័ន្ធនឹងប្រភពទី១ លទ្ធផលបង្ហាញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១៕