(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោកជំទាវ ឧកញ៉ា ស៊ុយ សុផាន ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ នេះ វេលាម៉ោង ៧៖៥៥នាទី ក្នុងជុន្មាយុ ៦២ឆ្នាំ ដោយរោគគាពាធ។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស បានចាត់ទុកមរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន គឺជាការសោកស្ដាយបំផុត និងជាការបាត់បង់ភរិយា ម្ដាយ និងជីដូនដ៏ល្អមួយរូបប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីគោរពស្រឡាញ់របស់កូនចៅ និងក្រុមគ្រួសារទាំងអស់។
លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉ា ស៊ុយ សុផាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕