(ភ្នំពេញ)៖ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានបង្ហាញឆន្ទៈគាំទ្រ និងចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ដោយបានបង្ហោះសារខ្លីលើទំព័រផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា «ការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ គឺជាឱកាសដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នាមិនថា សមាជិក សមាជិកា ស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាចចូលរួមបម្រើសង្គមជាតិ និងប្រជាជនរបស់យើង តាមរយៈការរួមគ្នាធានាសុខុមាលភាពប្រជាពលរដ្ឋ និងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។
គួររំលឹកដែរថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានអនុសាសន៍ណែនាំ និងចង្អុលបង្ហាញតាមរយៈសារជាសំឡេង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ អំពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស។
ក្នុងសារនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ធ្វើយ៉ាងណាបាន១លានដូសក្នុងខែ ជូនដល់ប្រជាជនក្នុងមូលដ្ឋានរាជធានី-ខេត្ត ហើយសម្តេចក៏បានស្នើឲ្យមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យ និងការសហការពី អភិបាលខេត្តនីមួយៗផងដែរ។
បន្ថែមលើខ្លឹមសាររៀបរាប់ខាងលើ លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងប្រព្រឹត្តទៅជាលក្ខណៈទ្រង់ទ្រាយធំ កម្រិតទូទាំងប្រទេស ការចូលរួមរបស់ក្រុមគ្រូពេទ្យថ្នាក់ជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិតជាចាំបាច់បំផុតសម្រាប់ការសម្រេចបាននូវបេសកកម្មដ៏មានអត្ថន័យ និងមានសារៈសំខាន់នេះ។
លោកបានរំលេចពីសកម្មភាពការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកផ្ទាល់ ក្នុងវគ្គបណ្តុះបណ្តាលត្រៀមសម្រាប់ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមជម្រាបថា កន្លងមកក្នុងស្មារតីនៃការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ស.ស.យ.ក. បានចូលរួមយ៉ាងសកម្ម តាមរយៈការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ការគាំទ្រផ្នែកស្មារតី និងការឧបត្ថម្ភសម្ភារចាំបាច់ជាបន្តបន្ទាប់ ជាពិសេសការចូលរួមសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗ។
ជាជំហានបន្ត នៃការចូលរួមតាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ស.ស.យ.ក. គឺត្រៀមខ្លូនរួចជាស្រេចក្នុងការរួមចំណែកក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ៕