(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ទៅកាន់អភិបាលក្រុង-ស្រុក ក្នុងខេត្តព្រះសីហនុ ត្រូវសហការរៀបចំស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
លោក គួច ចំរើន បានឲ្យណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ឲ្យចាត់ចែងផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅក្នុងមូលដ្ឋានភូមិនីមួយៗ អំពីការសម្រេចចិត្តប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំគ្រប់វិធីក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
អាជ្ញាធរឃុំ សង្កាត់នីមួយៗ ត្រូវចាត់តាំងសមាជិកក្រុមប្រឹក្សា និងមន្ដ្រីពាក់ព័ន្ធជាក្រុមការងារឲ្យប្រចាំការទទួលចុះឈ្មោះប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ។ ចំពោះការចុះឈ្មោះ គឺតម្រូវឲ្យស្របតាមឯកសារបញ្ជាក់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រអត្រានុកូលដ្ឋាន ឬលិខិតឆ្លងដែនរបស់សាមីខ្លួន ហើយជម្រាបគាត់ថា ត្រូវយកជាប់តាមខ្លួនដើម្បីផ្ទៀងផ្ទាត់នៅពេលទៅចាក់វ៉ាក់សាំង។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានណែនាំត្រៀមរៀបចំកន្លែងឲ្យបានសមស្រប (ទីតាំងធំទូលាយនៅក្នុងភូមិនីមួយៗ) សម្រាប់ដំណើរការចុះឈ្មោះ ហើយត្រូវតែផ្ដល់ព័ត៌មានជាក់លាក់អំពីពេលវេលា ទីកន្លែងត្រូវចុះឈ្មោះឲ្យពួកគាត់បានជ្រាបជាមុន ដើម្បីកុំឲ្យពួកគាត់មកចុះឈ្មោះខកពេលវេលា។ នៅពេលចុះឈ្មោះត្រូវបញ្ជាក់ប្រាប់ពួកគាត់ឲ្យច្បាស់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺត្រូវចាក់ចំនួន២ដងជាកំហិត ដូច្នេះដាច់ខាតពួកគាត់ត្រូវមកចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រុមគ្រូពេទ្យ៕