(កំពង់ឆ្នាំង)៖ ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ១៩ ព្រះគ្រូចៅអធិការវត្ត ៧អង្គ នៅក្នុងស្រុករលាប្អៀរ ដឹកនាំដោយព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាព្រះអនុគណស្រុករលាប្អៀរ និងជាព្រះចៅអធិការ វត្តព្រះវិហារហ្លួង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកអំណោយចុះប្រគល់ជូនគ្រួសារមានជីវភាពខ្វះខាត និងគ្មានផ្ទះសម្បែង រស់នៅភូមិខ្នាយកកោះ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មានការចូលរួមពីព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអគ្គមហាសង្ឃរាជ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះសង្ឃ នាយក ជាព្រះចៅអធិការវត្តសម្ដេច នន្ទង៉ែត សែនជ័យសត្ថារាមហៅវត្ត ក្រឡាញ់ចាស់, ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្តគិរីធម្មរាជ (វត្តតារួងតារាជ), ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះចៅអធិការវត្តបល្ល័ង្ក, ព្រះគ្រូសិរីធម្មវង្សា សេង ដា ព្រះចៅអធិការវត្តធម្មរតនសោភា-ទ្រា, ព្រះគ្រូ សឹម វណ្ណៈ ព្រះចៅអធិការ វត្តស្ទឹង, ព្រះសិរីរតនានុរ័ក្ស តក់ សុខភ័ណ្ឌ, លោកស្រី ចាន់ ផល្លីន ប្រធានក្រុមការងារចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំង រួមទាំងក្រុមការងារ សាលាអនុគណស្រុករលាប្អៀរ និងក្រុមការងារចលនាយុវជនកម្ពុជា១៥៧ ខេត្តកំពង់ឆ្នាំងជាច្រើនរូប។
មានសង្ឃដិកានាឱកាសនោះ ព្រះមេតិសត្ថា វង្ស កុសល រួមទាំងក្រុមការងារបានផ្តាំផ្ញើឱ្យគ្រួសាររងគ្រោះ ខិតខំថែទាំសុខភាពឱ្យបានល្អ បង្កើនមុខរបរប្រចាំថ្ងៃឡើងវិញ អប់រំកូនចៅឱ្យខិតខំ រៀនសូត្រ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣កាពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍។
សូមបញ្ជាក់ថា អំណោយដែលគ្រួសារលោក ទែម ម៉ាស់ -សែន ម៉ាប់ មានកូនស្រី១ មានជីវភាពក្រីក្រ គ្មានផ្ទះសម្បែងរស់នៅទទួលបានរួមមាន៖ មានអង្ករ ១០០គីឡូ មី៣កេស ទឹកក្រូច ១កេស ត្រីខ៤យួ ទឹកត្រី២យួ ទឹកស៊ីអ៊ីវ២យួ ភួយ កន្លេ បច្ច័យចំនួន ៥០០,០០០រៀល៕