(ភ្នំពេញ)៖ ដើម្បីចូលរួមសម្រាលបន្ទុកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមបន្ទប់ជួល និងដោយមើលឃើញថា ការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិ ការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ខ្លាំង លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានថ្លែង អំពាវនាវដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់នៅក្នុងខណ្ឌចំការមន សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី ពិនិត្យលទ្ធភាពបញ្ចុះតម្លៃផ្ទះ ឬឈ្នួលបន្ទប់ ដល់អ្នកកំពុងធ្វើចត្តាឡីស័កផង។
អភិបាលខណ្ឌចំការមន អំពាវនាវបែបនេះ ខណៈលោកនាំយកអំណោយរបស់រដ្ឋបាលខណ្ឌចំការមន ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៣គ្រួសារ រស់នៅក្នុងសង្កាត់ទួលទំពូងទី២ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរលោក ថេង សុថុល ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងគិតគូរ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ថេង សុថុល ក៏បានអំពាវនាវដល់ម្ចាស់បន្ទប់ជួល និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចូលរួមសហការគ្នា មើលថែទាំគ្នា ក្នុងកាលៈទេសៈនេះ និងត្រូវខិតខំ ថែទាំសុខភាព ហូបចុកឱ្យបានគ្រប់គ្រាន់ ដើម្បីមានកម្លាំងក្នុងជំនះលើជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមឱវាទរបស់គ្រូពេទ្យ និងវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចអាជ្ញាធរពាក់ព័ន្ធ។
លោក ថេង សុថុល ក៏បានស្នើសុំដល់ម្ចាស់បន្ទប់ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ពេលមានការអ្វីបន្ទាន់ សូមរាយការណ៍ទៅមេភូមិ ចៅសង្កាត់ ឬមេប៉ុស្តិ៍ ដើម្បីអាជ្ញាធរចុះអន្តរាគមន៍បានទាន់ពេលវេលា ដោយហេតុថាប្រមុខរាជរដ្ឋាភិបាល ក៏ដូចអភិបាលរាជធានីតែងតែដាស់តឿនអាជ្ញាធរ ឱ្យយកចិត្តទុកដាក់គិតគូរដល់ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប គឺសម្តេចតេជោមិនទុកឱ្យប្រជាពលរដ្ឋដែលមានទុក្ខលំបាកណាម្នាក់ នៅឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត អនុវត្តនូវវិធាន ៣ការពារ ៣កុំ ឱ្យបានខ្ចាប់ខ្ជួន។ លើសពីនេះទៅទៀតត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវ ធ្វើឱ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ។
អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖ អង្ករ ០១ប៉ាវ ស្មើនឹង ២០គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ម៉ាស១០ និងទឹកបរិសុទ្ធ ០១កេស៕