(តាកែវ)៖ មន្រ្តីសុខាភិបាលជាច្រើននាក់ នៅព្រឹកថ្ងៃ អង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចុះទៅយកសំណាកមនុស្សជាង ៣០០នាក់ ដែលជាប់ពាក់ព័ន្ធនិងពិធីរៀបមង្គលការមួយកន្លែងនៅក្នុងផូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៤។ ការចុះយកសំណាកទៅធ្វើតេស្តលើកទី៤ គឺបន្ទាប់ពីបុរសជាចុងភៅនៅក្នុងពិធីមង្គលការនោះ ទើបតែធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ១៩។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវលោកវេជ្ជបណ្ឌិត នុត ស៉ីណាត បានថ្លែងឲ្យដឹងថា អ្នកដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការខាងលើ ដែលមានទីលំនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងក្រុងដូនកែវ ត្រូវបានមន្រ្តីសុខាភិបាលចុះទៅយកសំណាកតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ បានចំនួនជាង៣រយនាក់ហើយ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា សម្រាប់ស្រុកសំរោងមានមនុស្សដែលពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិក្រាំងលាវចំនួនជិត ២០០នាក់ ត្រូវបានមន្រ្តីសុខាភិបាលចុះមកយកសំណាកលើកទី៤ ដោយឡែកភូមិចំនួន២ ដែលត្រូវអាជ្ញាធប្រកាសបិទ ត្រូវបានបើកឡើងវិញហើយកាលពីម្សិលមិញ ក៏ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធបានធ្វើការណែនាំអោយបងប្អូន ដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបន្តធ្វើចត្តាឡីស័កបន្តទៅទៀតផងដែរ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានលើកឡើងផងដែរថា នៅក្នុងស្រុកបាទីមនុស្សចំនួន៣៦នាក់ ដែលពាក់ព័ន្ធនៅក្នុងពិធីមង្គលការក្នុងស្រុកសំរោង ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដលើកទី៤។
គួរបញ្ជាក់ថា ការចុះយកសំណាកលើកទី៤ ចំពោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិធីរៀបមង្គលការនៅក្នុងស្រុកសំរោង គឺបន្ទាប់ពីបុរសជាចុងភៅ នៅក្នុងពិធីមង្គលការខាងលើដែលមានទីលំនៅក្នុងក្រុងដូនកែវត្រូវបានធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕