(កំពង់ឆ្នាំង)៖ «ឈាមស្រែក ស្បែកហៅ» ឃាតកម្នាក់ដែលបានអារ-ក សម្លាប់ប្រពន្ធរបស់ខ្លួន និងកាំបិតត្នោតកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រោយពីគេចខ្លួនជាង២ខែ ពេលនេះត្រូវជាប់អន្ទាក់សមត្ថកិច្ចចាប់ខ្លួនបាន។ ករណីចាប់ខ្លួនឃាតកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ឌុច ចំរើន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បាននិយាយឲ្យដឹងថា ឃាតកដៃឆៅខាងលើនេះមានឈ្មោះ ម៉ាប់ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានមុខរបរជាកម្មករសំណង់។
រូបគេបានស្រឡាញ់ជនរងគ្រោះឈ្មោះ អឿន រ៉េន (ហៅណេន) អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣រស់នៅក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ដែលក្នុងពេលស្រឡាញ់គ្នា ជាងមួយឆ្នាំនេះ ពួកគេទាំងពីរនាក់ បង្កើតបានកូនស្រីមួយអាយុជាង១ឆ្នាំផងដែរ។
លោកនាយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានរំលឹករឿងហតុថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ស្ត្រីជាជនរងគ្រោះ បានទៅរករឿងប្ដីជាជនដៃដល់ ដោយសារការប្រច័ណ្ឌ រហូតដល់កន្លែងធ្វើសំណង់ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ក្នុងពេលនោះស្ត្រីរងគ្រោះ បានយកទូរស័ព្ទដៃវៃក្បាលប្ដី នៅចំពោះមុខគេឯងគ្រប់គ្នា ធ្វើឲ្យប្ដីមានការខ្មាស់អៀនយ៉ាងខ្លាំង ហើយក៏កើតជាការទាស់ទែងគ្នា ប៉ុន្តែនៅល្ងាចថ្ងៃដដែល ក៏មានការសម្របសម្រួលត្រូវរ៉ូវគ្នាវិញនៅផ្ទះសម្បែង។
នៅថ្ងៃកើតហេតុ យប់ថ្ងៃទី២៤ ប្ដីបានទៅដេកនៅផ្ទះដូចធម្មតា ប៉ុន្តែពេលនោះប្រពន្ធមកពីស៊ីការស្រវឹង មិនឲ្យប្តីដេកជិតឡើយ។ ពេលនោះដែរកូនតូចអាយុ ១ឆ្នាំយំ ប្ដីក៏បានក្រោកឆុងទឹកដោះគោឲ្យកូនបៅ ហើយបាននិយាយ ជាមួយកូនស្រីថា ឪពុកប្រហែលជាមិនបាននៅជាមួយកូនទៀតទេ ព្រោះម្ដាយកូនមានប្ដីថ្មីហើយ។
ខណៈនោះដែរ ប្រពន្ធបានឮសម្ដីប្ដីបែបនេះ ក៏បានក្រោកធាក់ចំដើមទ្រូង ប្ដីមួយជើងដួលផ្ងាកក្រោយ។ ភ្លាមនោះដែរ ដោយភ្លើងកំហឹងមួយឆាវប្ដីក៏បានស្ទុះក្រោកឡើង យកកាំបិតត្នោតដែលសៀតនៅជញ្ជាំងផ្ទះ ហើយឡើងជិះពីលើប្រពន្ធចាប់អារ-ក សម្លាប់បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។
ក្នុងពេលកំពុងអារ-ក ប្រពន្ធកូនស្រីបងទីមួយក៏បានយកអំបោសមកវាយគេពីក្រោយខ្នងរូបគេដែរ ប៉ុន្តែរូបគេមិនចាប់អារម្មណ៍ឡើយ។ ក្រោយពេលកើតហេតុ ប្ដីជាឃាតក ក៏បានរត់ចុះពីផ្ទះ ឡើងជិះម៉ូតូគេចខ្លួនបាត់ ពីមូលដ្ឋានតាំងពីយប់កើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា តាមចម្លើយរបស់ជនដៃដល់ក្រោយពីគេចខ្លួន ពីមូលដ្ឋានគេបានទៅជួល ផ្ទះសំណាក់សម្រាកនៅទីក្រុងភ្នំពេញ និងក្នុងខេត្តកំពង់ចាមរហូតមក។ រហូតដល់ថ្ងៃទី២៩ ខែមីនា គេក៏បានមកលួចដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង គឺចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំង។
បុរសជាជនជាឃាតកត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ចាត់ការទៅតាមនីតិវិធី៕