(ភ្នំពេញ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអង្ករ និងម៉ាស ត្រូវបានលោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ចែកជូនបងប្អូន បំរើសេវាកម្ម ម៉ូតូកង់បី ម៉ូតូឌុប អាជីវករ វ័យចំណាស់ កម្មករ និងអាជីវករ លក់ដូរ កញ្ជ្រែង ល្អី នៅផ្សារបឹងកេងកង ចំនួន៥៥នាក់។

លោក ឯក និមល បានបញ្ជាក់ថា នេះគឺជាការផ្តល់ជូនលើកទី៣ ក្នុងតំណាក់កាលការរីករាលដាល នៃជំងឺឆ្លង Covid-19 នាព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នេះ ។

លោក ឯក និមល បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញ ឬនៅតាមបណ្តាលខេត្តនោះទេ។ ជាក់ស្តែងសម្រាប់ពេលនេះ ដោយឃើញបងប្អូនប្រជាពលរដ្ឋ មានការលំបាកក្នុងជីវភាព ខណៈផ្ទុះឡើង នូវការរីករាលដាលជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០នេះ ទើបមានការផ្តល់ជូន ពួកគាត់ភ្លាមតែម្តង។

ចំពោះវិធានការការពារវិញ លោក ឯក និមល បានបញ្ជាក់ថា នៅគ្រប់ច្រកចេញចូលផ្សារ គណៈកម្មការផ្សារបានដាក់ អាកុល និងម៉ាស៊ីនវាស់កំដៅ ព្រមទាំងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ដើម្បីការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំនិង៣ការពារ ដើម្បីរួមបង្ការ និងទប់ស្កាត់កូវីដ-១៩នេះ ទាំងអស់គ្នា។

ក្នុងឱកាសនេះ លោក ឯក និមល ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ពី លោកអភិបាលរាជធានី ដល់បងប្អូនទាំងអស់ ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងសូមឲ្យបងប្អូនរក្សាអនាម័យខ្លួនប្រាណ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងសំអាតដៃ ឲ្យបានញឹកញាប់ រក្សាគំលាត ឲ្យបានឆ្ងាយពីគ្នា មុនប្រើប្រាស់របស់អ្វីមួយ ត្រូវតែលាងសំអាត ឲ្យបានស្អាតល្អ មុនពេលនិងក្រោយដឹកភ្ញៀវ ត្រូវបាញ់អាល់កុល សំអាត កែបម៉ូតូ ម៉ូតូកង់បី របស់ខ្លួន ឲ្យបានស្អាត ត្រូវទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានទាន់ពេលវេលា កុំចាញ់បោកពួកបំពុលសង្គម។

លោកថា បងប្អូនគឺជាអ្នករាប់រងសេដ្ឋកិច្ច ក្រុមគ្រួសារបើបងប្អូនមិនគិតពីសុខភាពសុវត្ថិភាពរបស់ខ្លួនទេនោះ ក្រុមគ្រួសារបងប្អូននឹងជួបការលំបាកពីជំងឺឆ្លង Covid-19 ដ៏កាចសាហាវនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឯក និមល ប្រធានផ្សារបឹងកេងកង ក៏បានធ្វើការណែនាំ ទៅដល់បងប្អូនដែលបានធ្វើដំណើរចេញចូលផ្សារបឹងកេងកង ដើម្បីរកទិញទំនិញ ឬអីវ៉ាន់គ្រប់មុខនោះ និងបងប្អូនអាជីវករផ្សារផ្ទាល់ទាំងអស់គ្នា ឲ្យបន្តដោយបង្កើនស្មារតីក្នុងការយកចិត្តទុកដាក់ខ្ពស់ អនុវត្តន៍តាមការណែនាំរបស់សម្ដេចតេជោ ៣ការពារ និង៣កុំ និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ៕