(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ស្អែកនេះ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដោយធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច (ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើតាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣ (ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង ៤) ដែលមានសរុបទណ្ឌិតចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់)។
ក្នុងចំណោមទណ្ឌិតទាំង ៥៤២នេះ រួមមាន៖
* ស្នើសុំលើកលែងទោសចំនួន ៧០នាក់ (ស្រី ០៩នាក់)
* ស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២នាក់ (ស្រី ៥៩ នាក់) ។
គួររម្លឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពី ការបន្ថូរបន្ថយទោស និងលើកលែងទោស។
ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖
១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
មាត្រាដដែលនេះ បានបន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា។
លោក គឹម សន្តិភាព បានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ សម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុបមានចំនួន ៩៣១នាក់ ស្រីមានចំនួន ៩០នាក់។ ក្នុងនោះ ទណ្ឌិតដែលទទួលបានការលើកលែងទោសមានចំនួន ៥៥នាក់ និងទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោសមានចំនួន ៨៧៦នាក់៕