(ភ្នំពេញ)៖ លោក សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធាន ស.ស.យ.ក. និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា បាននាំយកម៉ាស និងជេលសម្អាតដៃរបស់អង្គការ ររ៉ស់ម៉ាស់ នៃប្រទេសគុយវ៉ែត ប្រចាំកម្ពុជា ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ការប្រគល់នេះមានការចូលរួមពីក្រុមការងារខ្មែរឥស្លាមជាច្រើនរូប នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បើតាមលោកសុះ មុះសិន ការផ្តល់ម៉ាស និងជេលសម្អាតដៃដែលរបស់អង្គការ រ៉ស់ម៉ាស់ នៃប្រទេសគុយវ៉ែតប្រចាំកម្ពុជា ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ១៩។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការទាំងយប់ទាំងថ្ងៃក្នុងការព្យាបាលអ្នកជំងឺ និងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅទូទាំងប្រទេស ដែលសកម្មភាពនេះ គឺជាការគិតគូរយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន មកកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងន័យធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមេរោគនេះឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ។

លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមវិធាន «៣កុំ ៣ការពារ» ឱ្យបានម៉ត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕