(ព្រះសីហនុ)៖ កម្លាំងនគរបាលមូលដ្ឋាន ក្រុងព្រះសីហនុ នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នេះបានចុះទៅចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ ក្រោយរកឃើញថា ជននេះរស់នៅខុសច្បាប់ដោយគ្មានលិខិតស្នាមអ្វីត្រឹមត្រូវនោះឡើយ។
មន្រ្តីនគរបាល ខេត្តព្រះសីហនុ បានប្រាប់ Fresh News ថា ជនជាតិរុស្ស៊ីរូបនេះមានឈ្មោះ Alexander Sherbakov អាយុ៣៤ឆ្នាំ គ្មានលិខិតឆ្លងដែន-លិខិតស្នាមផ្សេងៗ ជាប់នឹងខ្លួននោះទេ។
បើតាមមន្រ្តីនគរបាលរូបនេះ តាមការសាកសួរ ជនបរទេសរូបនេះ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបានបាត់លិខិតឆ្លងដែនជាយូរមក ហើយប្រហែលជាចុងឆ្នាំ២០១៥ និងបានមកខេត្តព្រះសីហនុ ដោយស្នាក់នៅតាមទីសាធារណៈតាមឆ្នេរសមុទ្រ ហើយបានទទួលស្គាល់ថា ខ្លួនពិតជាស្នាក់នៅដោយខុសច្បាប់ប្រាកដមែន។ បច្ចុប្បន្ន ជនបរទេសខាងលើត្រូវបានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តតាមនីតិវិធី៕