(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការសុខាភិបាល ពិសេសសេចក្ដីអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ គឺ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
ការអំពាវនាវបែបនេះ ខណ:លោកអភិបាលខេត្ត ដឹកនាំមន្ត្រី កងកម្លាំងពាក់ព័ន្ធ ចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ និងកងកម្លាំងចម្រុះ ឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ ព្រំប្រទល់ខេត្តកំពត និងព្រះសីហនុ នៅផ្សារត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
លោកអភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងទាំងអស់ គ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពត មានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ ឃុំ ស្រុក និងកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិលេខ៣ និងចំណុចផ្សេងទៀត រវាងព្រំប្រទល់ ខេត្តព្រះសីហនុ និងខេត្តកំពត គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូលនៅក្នុងកាលៈទេសៈនេះឡើយ ចំពោះការធ្វើដំណើរដែលមិនមានការចាំបាច់។
ដោយឡែក ចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗ គឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ព្រមទាំងអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺង ម៉ាត់បំផុត។ ការរឹតបណ្តឹង ការចេញចូលនេះ ដើម្បីការពារសុខមាលភាព ជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាននិងបន្តឆ្លង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ ឱ្យបានខ្ជាប់ខ្ជួន ទើបយើងអាចជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នាបាន។
លោកអភិបាលខេត្ត ក៏បានប្រគល់ជូននូវម៉ាស់ចំនួន ២០០០ម៉ាស, ទឹកអាកុល៦០លីត្រ និងជូនថវិកាដល់រដ្ឋបាលស្រុក ១លានរៀល, កងកម្លាំងនគរបាល, អាវុធហត្ថ និងប្រជាការពារសរុបចំនួន ៥៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត និងមន្ត្រីអមដំណើរ ក៏បានបន្តចុះជួបជាមួយក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងផ្សារ និងអាជីវករផ្សារត្រពាំងរពៅ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងការ ប្រកបអាជីវកម្មក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ផងដែរ៕