(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាឲ្យផ្អាកសកម្មភាពអាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការនៅក្នុងកាស៊ីណូជាបណ្ដោះអាសន្ន ក្រោយជាប់ពាក់ព័ន្ធអ្នកកូវីដ១៩។
រដ្ឋបាលខេត្តបានឲ្យដឹងទៀតថា ក្រុមហ៊ុនកាស៊ីណូក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងសុខាភិបាលកន្លងមក ដែលទទួលបានការអនុញ្ញាតក្នុងការដំណើរការឡើងវិញ នូវអាជីវកម្មរបស់ខ្លួនស្របតាមវិធានសុខាភិបាល និងគោលការណ៍ប្រតិបត្តិការស្តង់ដារ (SOPs) ប៉ុន្តែនាពេលបច្ចុប្បន្ននេះស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងបន្តកើតឡើងគួរឲ្យមានការព្រួយបារម្ភ ដូច្នេះក្នុងន័យចូលរួមបង្ការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្ត សុំធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការនៅក្នុងកាស៊ីណូរបស់លោកចាប់ពីខែមីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី។
សូមបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង គិតត្រឹមរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដ១៩ចំនួន២០នាក់ ក្នុងនោះខ្មែរ១២នាក់ និងចិន៨ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ហើយក៏បានបិទទីតាំងដែលរងផលប៉ះពាល់មួយចំនួននៅក្នុងខេត្តស្វាយរៀងផងដែរ៕