(អឺរ៉ុប)៖ នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០១៦នេះ សហភាពអឺរ៉ុប បានចាប់ផ្តើមចំណាយថវិការាប់រយលានអឺរ៉ូ បន្ថែមទៀត នៅក្នុងតំបន់ទាំងមូលដើម្បីដោះស្រាយជាបន្ទាន់ ចំពោះវិបត្តិជនភៀសខ្លួន ដែលកាន់តែអាក្រក់ខ្លាំងឡើង ចាប់តាំងពីពេលឈានចូលដើមឆ្នាំ ២០១៦។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ចេញផ្សាយនៅរសៀលថ្ងៃទី០២ ខែមីនា។
បើតាមការអះអាងពីគណកម្មការ ដោះស្រាយវិបត្តិជនភៀសខ្លួនរបស់សហភាពអឺរ៉ុប នៅថ្ងៃដដែលនេះ ជំនួយរបស់ ខ្លួនទាំងអស់នឹងត្រូវ ផ្តល់ទៅកាន់បណ្តាប្រទេសដែលទទួលជនភៀសខ្លួននានានៅក្នុងតំបន់ ហើយរបៀបនៃការ បែងចែកនឹងប្រើប្រាស់ប្រាក់ជំនួយគឺដូចទៅនឹងវិធីដែលសហគមន៍នេះ ផ្តល់ទៅកាន់តំបន់ផ្សេងៗ លើសកលលោកដែរ។
កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានមួយ ចំពោះគ្រោះមហន្តរាយនៃមនុស្សជាតិ ដែលអាចកើនឡើង ចំពោះជនភៀសខ្លួនដែលកំពុងកើនឡើងឥតឈប់ឈរនៅតាមព្រំដែនប្រទេសក្រិក ដែលជា ច្រកចូលសំខាន់បំផុតមកកាន់អឺរ៉ុប ទាំងមូល។
គួរបញ្ជាក់ តាមមន្ត្រីអឺរ៉ុបឲ្យដឹងថា នៅក្នុងឆ្នាំនេះ ទឹកប្រាក់យ៉ាងហោចណាស់ក៏ ៣០០លានអឺរ៉ូ (៣២៥ លានដុល្លារអាមេរិក) ដែរ ដែលនឹងត្រូវប្រើប្រាស់ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន ស្របពេលដែលថវិកាតែ ៧០០ លានអឺរ៉ុបប៉ុណ្ណោះ ដែលបានត្រៀមទុកសម្រាប់រយៈពេល ៣ឆ្នាំទៅមុខ៕