(បន្ទាយមានជ័យ)៖ គិតចាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ និងកម្លាំងកងរាជអាវុធហត្ថ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត បានត្រួតពិនិត្យរថយន្តចេញពីថៃចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែតសរុប ១៣,៧៨៧គ្រឿង ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈពលករដែលចង់លួចគេចវេសមិនព្រមធ្វើចក្តាឡីស័ក។
មន្រ្តីកងរាជអាវុធហត្ថ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា គិតចាប់ពីពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារណែនាំដល់អាជ្ញាធរខេត្តជាប់ជាយដែនកម្ពុជា-ថៃ ឱ្យពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ ដែលគេចវេសធ្វើចត្តាឡីស័ក បង្កាទប់ស្កាត់កូវីដ១៩ ក្នុងសហគមន៍មក កម្លាំងយោងធាកងពលតូចថ្មើជើងលេខ៥១ និងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ បានដាក់ពង្រាយ តាមបន្ទាត់ព្រំដែន និងពិនិត្យរថយន្តថៃចូលកម្ពុជាបានជាប់ជាប្រចាំ។
គិតចាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងបានធ្វើការត្រួតពិនិត្យរថយន្ត ចូលតាមច្រកអន្តរជាតិ ប៉ោយប៉ែតមានសរុបចំនួន ១៣,៧៨៧គ្រឿង ដោយក្នុង១ថ្ងៃរថយន្តពីថៃ ដែលចូលមកកម្ពុជា មានប្រមាណជិត៤០០គ្រឿង បានធ្វើការត្រួតពិនិត្យ ដោយកងកម្លាំងបានត្រួតពិនិត្យគ្រប់កន្លែងទាំងអស់ ដោយព្រួយក្លាចមានលួចលាក់បង្កប់ពលករដែលគេចវេសពីធ្វើចត្តាឡីស័ក។
ប្រភពបានបញ្ជាក់ទៀតថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើកឱ្យរថយន្តថៃចូលនៅម៉ោង ៦៖៣០នាទីព្រឹក ហើយត្រូវបានបិតនៅវេលាម៉ោង១០យប់ ក្នុងនោះកម្លាំង ត្រួតពិនិត្យបានផ្លាស់ប្តូរវេនគ្នា ដើម្បីត្រួតពិនិត្យឱ្យបានល្អិតល្អន់ការពារទប់ស្កាត់ពលករត្រឡប់ពីប្រទេសថៃ ដែលគេចវេសពីការធ្វើចត្តាឡីស័ក ដើម្បីបង្កាទប់ស្កាត់កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕