(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កា និងទប់ស្កាត់ជំងឺនេះ ដោយបានដាក់ចេញជាវិធានការ និងការណែនាំជាច្រើន ជាមួយនឹងការឧបត្ថមជាឧបករណ៍ សម្ភារៈ ស្បៀងអាហារ និងថវិកា ដើម្បីឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ជំងឺនេះឱ្យបានល្អប្រសើរ ពិសេសបញ្ចប់ឱ្យបានលឿន។
ជាក់ស្តែងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួនជូនដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នេះ។
បើតាមលោក កែ ពន្លក នាយករងរដ្ឋបាលរាជធានី បានឱ្យដឹង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ថា លោក ឃួង ស្រេង បានយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ នៅថ្ងៃនេះ លោកបានផ្តល់ជូននូវធុងបាញ់ថ្នាំសម្លាប់មេរោគ និងថវិកាមួយចំនួនជូនដល់ ១៤ខណ្ឌ ដោយក្នុង ១ខណ្ឌទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ជាមួយទឹកថ្នាំ និងថវិកា ចំនួន ១០លានរៀល ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នេះ។
គួរបញ្ជាក់ថា កន្លងមកនេះ លោក ឃួង ស្រេង តែងបានប្រគល់ម៉ាស អាល់កុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥ នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនិងការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តអោយបានវិធានការ «៣កុំ និង ៣ការពារ»៕