ជូនដំណឹង! រកឃើញអ្នកកើតកូវីដ១៩ នៅក្រុមហ៊ុនកំសាន្ដអន្ដរជាតិបាវិត «ម៉ុកបាយ» ក្រុងបាវិត, អ្នកធ្លាប់ទៅទីនោះ ចាប់ពីថ្ងៃទី១៩ ដល់២៩ ខែមីនា សូមទៅពិនិត្យសំណាក
30-03-2021 11:43
(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា រកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ ជាបុគ្គលិកកាស៉ីណូរបស់ក្រុមហ៊ុន កំសាន្ដអន្ដរជាតិបាវិត «ម៉ុកបាយ» ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅក្រុមហ៊ុន កំសាន្ដអន្ដរជាតិបាវិត «ម៉ុកបាយ» ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕