(ភ្នំពេញ)៖ លោក ជា សុវណ្ណ និងអ្នកស្រី ស្រេង គឹមជ្រា ម្ចាស់បន្ទប់ជួល ៥៥បន្ទប់ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រកាសដោយមិនយកថ្លៃជួលបន្ទប់រយៈពេលបីខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ពីអ្នកជួលបន្ទប់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រាលបន្ទុករបស់កម្មករ-កម្មការនី និងអ្នកជួលបន្ទប់ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបនូវវិបត្តិជំងឺកូវីដ១៩។
ម្ចាស់ផ្ទះជួលនេះបានប្រកាសលើ Facebook ថា «ដើម្បីសំរួលដល់ការលំបាករបស់បុគ្គលិក និងកម្មករ លោក ជា សុវណ្ណ និងអ្នកស្រី ស្រេង គឹមជ្រា សូមមិនយកថ្លៃបន្ទប់ជួលប្រចាំខែ ចំនួន៣ខែ ដែលមាន៥៥បន្ទប់ ចាប់ពីថ្ងៃទី១០ ខែមេសា ដល់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដែលមានទីតាំងផ្ទះលេខ ១៥៨៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ»។
គួរជម្រាបថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការគិតគូរ និងជួយទ្រទ្រង់ជីវភាព របស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ កន្លងទៅនេះ សាលារាជធានីភ្នំពេញបានអំពាវនាវ ដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួល ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ រហូតដល់ស្ថានភាពធូរស្រាលឡើងវិញ។ ម្យ៉ាងទៀត សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យយោគយល់អាធ្យាស្រ័យ ចំពោះការយឺតយ៉ាវ ក្នុងការបង់ថ្លៃឈ្នួលផងដែរ៕