Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញមនុស្ស២នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

29-03-2021 21:33

(កំពង់ចាម)៖ សេចក្ដីរាយការណ៍ពីខេត្តកំពង់ចាម បានឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា មានមនុស្ស២នាក់បន្ថែមទៀត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ពាក់ព័ន្ធជាមួយស្ដ្រីវ័យ៧៥ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុននេះ។

មន្ដ្រីសុខាភិបាលបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមនេះ ទី១៖ឈ្មោះ ស្រ៉ី សុខលាង ភេទស្រី អាយុ៥៥ឆ្នាំ និងទី២៖ ឈ្មោះ ស៊ន ហេង ភេទស្រី អាយុ៧៥ឆ្នាំ ពួកគាត់សុទ្ធតែអ្នករស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ហើយចូលចត្តាឡីស័ក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ។

បច្ចុប្បន្នក្រោយទទួលបានលទ្ធផលវិជ្ជមានពីក្រសួងសុខាភិបាល មន្ដ្រីសុខាភិបាលខេត្ត បានបញ្ជូនពួកគាត់ទាំង២នាក់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តផងដែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តកំពង់ចាម មានអ្នកកើតជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានកំណត់ឲ្យធ្វើចត្តាឡីស័ក។

មនុស្សទាំង៨នាក់ ដែលរកឃើញឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖

*ទី១៖ ឈ្មោះ ជួប សារ៉ែន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ (ឆ្លងពីកូននៅភ្នំពេញ)
*ទី២៖ វណ្ណា ហ្សារីន (កូនរបស់ឈ្មោះ វ៉ាន់ ណាក្រូ) ភេទស្រី អាយុ១៨ខែ
*ទី៣៖ វណ្ណា ឡូស៉ិច (កូនរបស់ឈ្មោះ វ៉ាន់ ណាក្រូ) ភេទប្រុស អាយុ៨ឆ្នាំ
*ទី៤៖ ឈ្មោះ លាង សុធារី (ប្រពន្ធឈ្មោះ វ៉ាន់ ណាក្រូ) អាយុ២៧ឆ្នាំ នៅភូមិអូរឬស្សី ឃុំអូរឬស្សី ក្រុងក្រចេះ
*ទី៥៖ ឈ្មោះ លាង ញ៉ (ឪពុកក្មេកឈ្មោះ វ៉ាន់ ណាក្រូ) អាយុ៧៥ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម
*ទី៦៖ ឈ្មោះ អាង សុខា ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
*ទី៧៖ ឈ្មោះ ស្រ៉ី សុខលាង ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
*ទី៨៖ ឈ្មោះ ស៊ន ហេង ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕