(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានដារា បានបញ្ជាក់លើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀត។ តែក្នុងនោះមានទារកអាយុ ៩ខែម្នាក់ ទោះបីត្រូវអវិជ្ជមានកូវីដ១៩ តែក៏ត្រូវម្តាយមានវិជ្ជមានកូវីដ១៩ យកទៅជាមួយផងដែរ។
លោកអធិការខណ្ឌបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ១២នាក់ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ «ហ្លួងម៉ែ»។ បើតាមលោកអធិការ ក្នុងអ្នកជំងឺថ្មីនេះ មាន១០នាក់ ស្ថិតនៅចំណុចផ្លូវលេខ៣២BT ផ្ទះលេខ១៤២ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។
អ្នកជំងឺទាំង១១នាក់នេះ ជាជនជាតិខ្មែរ រួមមាន៖ ភេទស្រី អាយុ ៦៦ឆ្នាំ, ភេទស្រី អាយុ ៣០ឆ្នាំ, ភេទប្រុស អាយុ ២៩ឆ្នាំ, ភេទស្រី អាយុ ៦១ឆ្នាំ, ភេទស្រី អាយុ ៣១ឆ្នាំ, ភេទស្រី អាយុ ៣៩ឆ្នាំ, ភេទស្រី អាយុ ៣៦ឆ្នាំ, ភេទប្រុស អាយុ ៤៣ឆ្នាំ, ភេទស្រី អាយុ ២១ឆ្នាំ និងភេទប្រុស អាយុ ៦ឆ្នាំ។
លោកអធិការបានអះអាងថា ក្នុងគ្រួសារនេះមានទារកអាយុ ៩ខែម្នាក់ ដែលពិនិត្យឃើញអវិជ្ជមាន តែត្រូវបានម្តាយយកទៅជាមួយផងដែរ។ ដោយឡែកសមាជិក៦នាក់ទៀត យកទៅធ្វើចត្តាឡីស័កនៅមន្ទីពេទ្យអង្គរអន្តរជាតិ (ជិតផ្សារចាស់)។
ពីរករណីទៀត ជាស្ត្រីអាយុ ២៧ឆ្នាំ និងបុរសអាយុ ៣០ឆ្នាំ រស់នៅនៅចំណុចផ្លូវ៦៩BT ផ្ទះលេខ១៤៧ ក្រុម៤ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ និងនៅបុរីសូនី ផ្ទះលេខ៣៦៨A ផ្លូវលេខ៨១ ក្រុមទី៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
លោកអធិការ ម៉េង វិមានដារា បានបញ្ជាក់ដែរថា ទីតាំងទាំង០៣ខាងលើ ត្រូវបានហ៊ុមព័ទ្ធជាបណ្តោះអាសន្ន៕