(ភ្នំពេញ)៖ ពលរដ្ឋខ្មែរឥស្លាម លោក អ៉ី សានី ម្ចាស់បន្ទប់ជួល ៣៦បន្ទប់ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានប្រកាសដោយមិនយកថ្លៃជួលបន្ទប់រយៈពេលបីខែ ពីអ្នកជួលបន្ទប់របស់លោកទាំងអស់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រាលបន្ទុករបស់កម្មករ-កម្មការនី និងអ្នកជួលបន្ទប់ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩។
លោក អ៉ី សានី បានសរសេរនៅក្នុងគណនី Facebook របស់លោក នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះថា «ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់ការលំបាករបស់ពុកម៉ែបងប្អូន ខ្ញុំបាទ អ៉ី សានី នឹងមិនយកថ្លៃឈ្នួលបន្ទប់ទាំងអស់ ៣៦បន្ទប់ រយៈពេល៣ខែ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»។
គួរជម្រាបថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការគិតគូរនិងជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ កន្លងទៅនេះ សាលារាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួល ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ រហូតដល់ស្ថានភាពធូរស្រាលឡើងវិញ។ ម្យ៉ាងទៀត សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យយោគយល់អាធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផងដែរ៕