(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលព័ត៌មានបំភ្លៃថា លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានស្លាប់ដោយសារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៉ីណូហ្វាម។

ការចេញមកច្រានចោលបែបនេះ បន្ទាប់ពីមានការបំភ្លៃលើ Facebook ដោយយករូបសពលោកស្រីឧកញ៉ា ស៊ុយ សុផាន និងរូបដទៃទៀតដែលបានចាក់វ៉ាក់សាំងមកដាក់ក្បែរគ្នា ដោយសរសេរខ្លឹមសារថាជាមនុស្សតែមួយ និងបានស្លាប់ដោយសារការចាក់វ៉ាក់សាំងស៉ីណូហ្វាម។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល ក្រៅពីច្រានចោលព័ត៌មានខាងលើ ក៏បានអំពាវនាវដល់សមត្ថកិច្ច ជួយស្រាវជ្រាវដើម្បីយកអ្នកបំភ្លៃព័ត៌មាននោះ ទៅចាត់ការតាមច្បាប់ផងដែរ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិតបែបនេះ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបរបស់សពទេ សូមអ្នកប្រឌិតរឿងទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ? សូមមើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះជានរណា? សូមគោរពសិទ្ធិ លោកជំទាវដែលជាម្ចាស់រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេ អស់អ្នកអគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះទៀតទៅ។ គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមានវ៉ាក់សាំងចាក់ហើយ អស់អ្នកអគតិទាំងឡាយដែលមិនចង់ចាក់ទេក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នកដែលគេត្រូវការ ដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង»

សូមជម្រាបថា លោកស្រី ឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង ៧៖៥៥នាទី ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគគាពាធ។ សពរបស់លោកស្រីឧកញ៉ា កំពុងតម្កល់ធ្វើបុណ្យទៅគេហដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕