(ភ្នំពេញ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានបញ្ជាក់ប្រាប់ Fresh News ថា មកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ខេត្តក្រចេះមិនមានករណីអ្នកវិជ្ជមានកូវីដ១៩នោះទេ។

ការចេញមកបញ្ជាក់របស់អភិបាលខេត្តក្រចេះ បន្ទាប់ពីមានការយល់ច្រឡំពីសាធារណជនមួយចំនួន ដែលឃើញអ្នកជំងឺម្នាក់ ដែលក្រសួងសុខាភិបាលប្រកាសនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា មានអាស័យដ្ឋានភូមិរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

បើតាមលោក វ៉ា ថន អ្នកជំងឺនេះ គាត់មានផ្ទះនៅខេត្តក្រចេះ តែបច្ចុប្បន្នគាត់រស់នៅទួលទំពូង រាជធានីភ្នំពេញ ហើយមួយរយៈចុងក្រោយនេះមិនដែលទៅក្រចេះនោះឡើយ។

លោកអភិបាលខេត្តក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ វ៉ាន់ ណាក្រូ លទ្ធផលតេស្តក៏អវិជ្ជមានផងដែរ។

បើទោះបីខេត្តក្រចេះមិនទាន់មានករណីវិជ្ជមានកូវីដ១៩យ៉ាងណាក្តី តែរដ្ឋបាលខេត្តក្រចេះមិនបានទម្លាក់ចោលនូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នោះឡើយ។ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ឱ្យប្រកាន់ស្មារតីចូលរួមទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩ ដោយប្រកាន់តាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល។ ជាពិសេសអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា «៣កុំ និង៣ការពារ»៕