(សៀមរាប)៖ សម្រាប់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបានចំនួន ១២៩គ្រួសារ រួមមាន៖ ក្រុងសៀមរាប ៣២គ្រួសារ ស្រុកបន្ទាយស្រី ២២គ្រួសារ ស្រុកអង្គរធំ ១៣គ្រួសារ ស្រុកប្រាសាទបាគង ៣៨ គ្រួសារ ស្រុកពួក ១០គ្រួសារ ស្រុកសូទ្រនិគម ៦គ្រួសារ និងស្រុកស្វាយលើ ៨គ្រួសារ។

ដោយឡែក ក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន ៥០គ្រួសារ រួមមាន៖ ស្រុកអង្គរធំ ៦គ្រួសារ ក្រុងសៀមរាប ១០គ្រួសារ ស្រុកប្រាសាទបាគង ៨គ្រួសារ ស្វាយលើ ៤គ្រួសារ ស្រុកពួក ១១គ្រួសារ និងស្រុកបន្ទាយស្រី ១១គ្រួសារ។

អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕