(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវនាវ ឲ្យមានការពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែង ការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ និងឈ្នួលតូប រាន ស្តង់លក់ដូរ លើកលែងការបង់ការប្រាក់ ឬកាត់បន្ថយការប្រាក់ ឬពន្យាពេល នៃការបង់ការប្រាក់ ឬពន្យាការបង្វិលសងថ្លៃដើម ក្នុងដំណាក់កាលនៃការផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។

សេចក្តីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ដោយការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅខេត្តព្រះសីហនុ បានចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃ ដូចជាការលក់ដូរ ការផ្តល់សេវាកម្ម និងការប្រកបអាជីវកម្មស្ទើរគ្រប់មុខ ដែលនាំឲ្យមានការ លំបាកក្នុងការទូទាត់ បង្វិលសងថ្លៃឈ្នួលនានា ជាពិសេសការបង់ថ្លៃជួលផ្ទះ ថ្លៃជួលបន្ទប់ស្នាក់នៅ ថ្លៃជួលតូប រាន ស្តង់សម្រាប់លក់ដូរ ការបង់ការប្រាក់កម្ចីធនាគារ ការសងប្រាក់រំលោះកម្ចីធនាគាររបស់បងប្អូនប្រជាពលរដ្ឋ បុគ្គលិក កម្មករ និងអាជីវករនានា ជាដើម -ល-។

នាពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា មានបងប្អូនយើងមួយចំនួន ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលសម្រាប់បុគ្គលិក កម្មករស្នាក់នៅ បានស្ម័គ្រចិត្តលើកលែងមិនយកថ្លៃឈ្នួលបន្ទប់ស្នាក់នៅ របស់កម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ខ្លះចំនួន ២ខែ ខ្លះចុះតម្លៃ៥០% ខ្លះចុះតម្លៃ៣០% -ល-។
ទឹកចិត្តសប្បុរសធម៌នេះ គឺជាការសម្រាលដល់បន្ទុកជីវភាពរស់នៅ របស់បងប្អូនបុគ្គលិក កម្មកររោងចក្រ ក្នុងស្ថានភាពដ៏លំបាកនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ក្នុងឱកាសនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទីបំផុតចំពោះទឹកចិត្តសប្បុរសធម៌ប្រពៃថ្លៃថ្លារបស់លោក លោកស្រីក្នុងការជួយសម្រាលបន្ទុករស់នៅរបស់បងប្អូនជនរួមជាតិយើងនៅក្នុងគ្រាដ៏លំបាកនេះ។

ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការគិតគូរ នឹងជួយទ្រទ្រង់ដល់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួល បងប្អូនអាជីវករដែលកំពុងជួលតូប រាន ស្តង់សម្រាប់លក់ដូរនៅតាមទីផ្សារ ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ធនាគារ ដើម្បីប្រកបមុខរបរផ្សេងៗ រដ្ឋបាលខេត្តព្រះសីហនុសូមអំពាវនាវដល់លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ផ្ទះជួល បន្ទប់ជួល ម្ចាស់ផ្សារឯកជន ម្ចាស់តូប រាន ស្តង់លក់ដូរម្ចាស់ ធនាគារម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដូចខាងក្រោម៖

១៖ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ និងឈ្នួលតូប រាន ស្តង់លក់ដូរ លើកលែងការបង់ការប្រាក់ឬកាត់បន្ថយការប្រាក់ ឬពន្យាពេលនៃការបង់ការប្រាក់ ឬពន្យាការបង្វិលសងថ្លៃដើមក្នុងដំណាក់កាលនៃការផ្ទុះព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។

២៖ យោគយល់អធ្យាស្រ័យ ចំពោះការយឺតយ៉ាវ ក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ឬឈ្នួលតូប រាន ស្តង់លក់ដូរពីអ្នកស្នាក់នៅ ពីអ្នកលក់ដូរ ពីអ្នកខ្ចីប្រាក់ ដោយមិនគួរពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់មកទូទាត់សងថ្លៃប្រាក់ឈ្នួល ហើយគួរបន្តអនុញ្ញាត ឲ្យពួកគាត់បានស្នាក់នៅ លក់ដូរបន្តទៀត មិនគួរបណ្តេញពួកគាត់ចេញ ឬបញ្ឈប់កិច្ចសន្យាជួល ឬដកហូតយកឯកសារ វត្ថុធានាផ្សេងៗដាក់លក់ឡាយឡុងឡើយ។

៣៖ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «ការពារ និង ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល បន្ទប់ជួល ម្ចាស់ផ្សារ ម្ចាស់តូប រាន ស្តង់លក់ដូរ ម្ចាស់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ នៅក្នុងខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ប្រកបដោយទឹកចិត្តសប្បុរសធម៌ មានស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាក់ជាមិនខាន៕