(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា វិទ្យុអាស៉ីសេរី និងខ្មែរមួយក្រុមដែលស៉ីឈ្នួលបរទេស មិនគួរផ្សាយព័ត៌មានវាយប្រហារបំបាក់ទឹកចិត្តសប្បុរសរបស់ឧកញ៉ា ដែលបរិច្ចាគថវិកា ជួយទិញមន្ទីរពេទ្យ «នគរទេព» ដើម្បីយកទុកព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ។

តាមរយៈ Facebook ផ្លូវការ, លោក ជុំ កុសល បានណែនាំដល់វិទ្យុអាស៉ីសេរី និងខ្មែរមួយក្រុមដែលស៉ីឈ្នួលបរទេសទាំងនោះ គួរផ្សាយលើកទឹកចិត្តឧកញ៉ា ដែលខំបរិច្ចាគថវិកាជួយជាតិ ប្រសើរជាងវាយប្រហារពួកគាត់បែបនេះ។ លោកថែមទាំងបានថ្កោលទោស និងចាត់ទុកពួកគេ ជាមនុស្សគ្មានឈាមជ័រជាខ្មែរទៀតផង។

ការលើកឡើងរបស់ ទីប្រឹក្សានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៉ីសេរី ដែលគេស្គាល់ថាជាវិទ្យុមាននិន្នាការបម្រើឲ្យបរទេស បានផ្សាយអត្ថបទព័ត៌មានមួយក្រោមចំណងជើងថា «អ្នកឃ្លាំមើលសង្គមសង្ស័យលុយក្រុមឈ្មួញឲ្យរដ្ឋាភិបាលជាការលាងលុយច្រើនជាងសប្បុរសធម៌»។ ក្នុងអត្ថបទរបស់ខ្លួន វិទ្យុអាស៉ីសេរីបានសម្ភាសខ្មែរមួយក្រុម ដែលជាក្រុមតែងតែនិយាយអាក្រក់ពីកម្ពុជាគ្រប់រឿង មកបញ្ចេញមតិយោបល់តាមការនឹកឃើញរៀងៗខ្លួន ដើម្បីធ្វើជាអំណេះអំណាងគាំទ្រអត្ថបទខាងលើ ទាំងគ្មានមូលដ្ឋានច្បាស់លាស់។

ក្នុងសំណេរលើ Facebook ដោយមានភ្ជាប់ Screenshot អត្ថបទព័ត៌មានអាស៉ីសេរីផងនោះ លោក ជុំ កុសល បានដាក់សំណួរថា តើឧកញ៉ាដែលមានទ្រព្យធនច្រើននៅកម្ពុជាមានប៉ុន្មាននាក់? បើមិនមុខដដែល តើទៅរកមុខអ្នកថ្មីឯណាទៀត?

លោកបានផ្តល់ជាគំនិតវិញថា «បើក្រុមមនុស្សខ្មែរមួយក្រុម ដែលកំពុងស៉ីឈ្នួលបរទេសខំផ្សព្វផ្សាយអាក្រក់គ្រប់រឿងពីកម្ពុជា មានឈាមជាខ្មែរពិតប្រាកដ គួរណាស់តែលើកទឹកចិត្តដល់ក្រុមឧកញ៉ាទាំងនោះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ការពារអាយុជីវិតប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ក្នុងស្ថានភាពនេះ មិនមែនមកបំបាក់ទឹកចិត្តសប្បុរសរបស់ពួកគាត់បែបនេះទេ»

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ដើម្បីប្រើប្រាស់ជាមន្ទីរពេទ្យរបស់រដ្ឋ។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន មានសប្បុរសជនជាច្រើននាក់ (អ្នកឧកញ៉ា និងឧកញ៉ា) បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យមួយនេះ។

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ បានប្រោសប្រទានព្រះរាជសារសម្តែងនូវអំណរគុណដ៏ខ្ពង់ខ្ពស់ និងសូមកោតសរសើរដ៏កក់ក្តៅបំផុត ចំពោះការខិតខំបំពេញភារកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងសមាជិក-សមាជិកា ដ៏ឧត្តុង្គឧត្តមទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទិញមន្ទីរពេទ្យខាងលើ។ សម្តេចម៉ែបានមានព្រះតម្រិះចាត់ទុកថា នោះជាការងារដ៏ល្អមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា៕