(ភ្នំពេញ)៖ អង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ឱ្យតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រមការងារសាលារាជធានីភ្នំពេញ នាំយកទៅផ្តល់ជូនគណៈកម្មការផ្សារច្បារអំពៅ ដើម្បីចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅតាមចិញ្ចើមផ្លូវក្នុងច្បារអំពៅ។

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារ និងក្រុមការងារបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអ្នកលក់ដូរបន្តិចបន្តួចតាម កញ្ច្រែង កញ្ជើរ ល្អី នៅក្នុងផ្សារ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១បាវ ទម្ងន់២៥គីឡូក្រាម និងថវិកាមួយចំនួនជាអំណោយរបស់គណៈកម្មការផ្សារច្បារអំពៅ។

ក្នុងសកម្មភាពមនុស្សធម៌នេះដែរ ប្រធានគណៈកម្មការផ្សារ លោក គួច ចំណាន បានស្នើឱ្យម្ចាស់តូប ម្ចាស់ផ្ទះ ដែលជួលទីតាំងនៅសល់ឱ្យអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ សូមឱ្យមានការ យោគយល់ ដល់បងប្អូនដែលលក់ដូរបន្តិចបន្តួច ត្រូវបញ្ចុះតម្លៃ បើលើកលែងបានកាន់តែពិសេសថែមទៀត ព្រោះកាលៈទេសៈនេះកំពុងប្រឈមខ្លាំងណាស់ នៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតនិងសុខភាពប្រជាពលរដ្ឋ ដោយសារជំងឺកូវីដ-១៩ កំពុងតែគំរាមកំហែងជាសកល។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មការផ្សារ បានសំណេះសំណាលជាមួយអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូន យ៉ាងណាក៏ដោយតែបានសម្រាល ការលំបាកនៅក្នុងក្រុមគ្រួសារមួយរយៈពេលដែរ។ ពិសេសសូមអ្នកលក់ដូរក្នុងផ្សារទាំងអស់ ត្រូវចូលរួមអនុវត្តជាប្រចាំថ្ងៃនូវវិធានការ ៣ការពារ ៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលសហគមន៍៕