(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ សួសុខទុក្ខ បុគ្គលិក នាយទាហាន ពលទាហាន និងយោធិនជម្ងឺ ដែលបាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ព្រះកេតុមាលាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
ក្នុងនាមសម្តេចពិជ័យសេនា និងក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផនបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់ ក្រសួងការពារជាតិតែងតែចាត់តាំង គណៈប្រតិភូចុះសាកសួរសុខទុក្ខ បុគ្គលិក នាយទាហាន ពលទហាន និងយោធិនជំងឺរបួស ដែលកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានសំដែងនៅការកោតសរសើរ ដល់វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា ក៏ដូចជាគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិនប្រចាំការនៅទីនោះ ដែលបានខិតខំប្រឹងប្រែងពិនិត្យ ព្យាបាលជំងឺដល់កងទ័ព និងប្រជាពលរដ្ឋ ជាពិសេសការខិតខំរបស់គ្រូពេទ្យក្នុងការចាក់វ៉ាក់សាំងជូនដល់កងទ័ព និងគ្រួសារកងទ័ព ដើម្បីការពារ និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងធ្វើកិច្ចសហការល្អជាមួយប្រទេសជាមិត្ត ជាពិសេសបានធ្វើឲ្យក្រសួងការពារជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ហើយក្រសួងការពារជាតិចិនបានបញ្ជូនគ្រូពេទ្យ និងផ្តល់នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ព្រមទាំងមន្ត្រីរាជការ និង ប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកបានបួងសួងសូមអោយទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាបុគ្គលិក នាយទាហាន ពលទហាន និងយោធិនជំងឺរបួស ទាំងអស់អោយទទួលបានសេចក្តីសុខ សេចក្តីចំរើន និង ជាសះស្បើយពីជំងឺ ឆាប់បានវិលត្រលប់ទៅបំពេញភារកិច្ចនៅអង្គភាពវិញ។
ក្នុងឱកាសនោះ លោក ម៉ឹង សំផន បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យយោធាចិន ចំនួន៤រូប ព្រមទាំងបាននាំយកអំណោយរបស់សម្តេចពិជ័យសេនា និងលោកជំទាវ ឧបត្ថម្ភដល់មន្ទីរពេទ្យព្រះកេតុមាលា មាន៖ ថវិកា មីចំនួន៤០០កេស, ទឹកក្រូច ៥០០កេស និងម៉ាសចំនួន១ម៉ឺនម៉ាស់។
លោកក៏បាននាំយកអំណោយរបស់ក្រសួងការពារជាតិ ចែកជូនដល់យោធិនជម្ងឺរបួស ចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន មី ត្រីខកំប៉ុង ទឹកដោះគោ ស្ករស ម៉ាស់ ២៥០០ម៉ាស និងថវិកា ៣ម៉ឺនរៀល និងបានឧបត្ថម្ភដល់មន្ទីរពេទ្យសម្តេចតេជោស្រអែម នៅទិសប្រាសាទព្រះវិហារមាន៖ ថវិកា មី ទឹកក្រូច និងម៉ាសផងដែរ៕