(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើលិខិតទៅកាន់ អភិបាលក្រុងស្រុក-ស្រុក ឲ្យបន្ដផាកពិន័យ អន្តរការណ៍លើបុគ្គល ដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យមានប្រសិទ្ធភាព។
តាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្ត ស្នើ លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក បន្តចូលរួមសហការ ជាមួយមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តន៍ ការផាកពិន័យអន្តរការណ៍ លើបុគ្គល ឬនីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន បានបន្ថែមទៀតថា នៅក្នុងការអនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាក ឬបញ្ហាប្រឈមណាមួយ លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក ត្រូវរាយការណ៍ជូន រដ្ឋបាលខេត្ត ជាបន្ទាន់៕
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលខេត្តប៉ៃលិន៖