(ព្រះវិហារ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានកំណត់មុខសញ្ញារួចហើយ លើជនសង្ស័យមួយក្រុមដែលបានប្រើប្រាស់អំពើហិង្សាដោយចេតនា លើមន្ត្រីរាជការសាធារណៈ ក្នុងពេលចុះត្រួតពិនិត្យករណី ឈូសឆាយដីព្រៃមួយកន្លែង ស្ថិតក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ។
លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ពេលនេះអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានកំណត់មុខសញ្ញាជនសង្ស័យរួចហើយ ក្នុងករណីប្រើប្រាស់អំពើហិង្សាដោយចេតនា លើមន្ត្រីរាជការសាធារណៈ ក្នុងពេលចុះត្រួតពិនត្យករណីឈូសឆាយដីព្រៃមួយកន្លែង នៅស្រុកគូលែន ខេត្តព្រះវិហារ កាលពីសប្តាហ៍មុន។
លោក វុធ សាវី បានថ្លែងយ៉ាងដូច្នេះថា «កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក និងលោក ចក់ សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យករណីឈូសឆាយដីព្រៃមួយកន្លែងនៅចំណុចភូមិឃុំខាងលើ។ ស្របពេលដែលលោក និងក្រុមការងារកំពុងស្ថិតនៅលើទីតាំងដីខាងលើ សួររកឯកសារពាក់ព័ន្ធទាក់ទងនិងការឈូសឆាយដីព្រៃនេះ ក៏បានប៉ះទង្គិចពាក្សសំដីគ្នាជាមួយម្ចាស់គ្រឿងចក្រ ស្រាប់តែក្រុមជនសង្ស័យបានកែនគ្នីគ្នាជាច្រើនមកបង្កហិង្សាលើក្រុមការងាររហូតមានអ្នករបួសស្នាមទៀតផង»។
លោកបញ្ជាក់ទៀតថា ដោយស្ថានការណ៍មិនស្រួលរូបលោក នឹងក្រុមការងារបានដកថយសិនចៀសវាងនាំឲ្យមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ ហើយរហូតមកដល់ថ្ងៃនេះ ក្រុមជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណរួចហើយ ដើម្បីចាត់ការទៅតាមច្បាប់។
ដោយឡែក មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារមួយរូប បានថ្លែងនៅក្នុងកិច្ចប្រជុំថា ទាក់ទងនឹងករណីយកគ្រឿងចក្រឈូសឆាយដីព្រៃនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ក្រោយពីការចុះត្រួតពិនិត្យជាក់ស្តែងឃើញថា ដីព្រៃដែលឈូសឆាយនេះមានចំនួន៧ហិកតា ជាប្រភេទដីព្រៃស្រោង ក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ៕