(ភ្នំពេញ)៖ គណ:កម្មការផ្សារចាក់អង្រែ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ចុះចែកជូនដល់អាជីវករ និងកម្មករអនាម័យ ដែលមានជីវភាពខ្វះខាតទីទ័លក្រចំនួន ១៨គ្រួសារ។
លើកឡើងក្នុងឱកាសនោះ លោក គាត តូ ប្រធានគណកម្មការផ្សារចាក់អង្រែ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ និងលោក ឃួង ស្រេង ជូនដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារចាក់អង្រែ។
លោកបានបន្តថា ទោះបីពេលនេះសម្តេចតេជោ បានចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានយ៉ាងច្រើនហើយក៏ដោយ សម្តេចក៏បានសំណូមពរ ឱ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់តាមវិធានសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២០កុម្ភៈ ដោយហេតុថាមេរោគបំលែងថ្មី សាហាវណាស់ វាស៊ីសួតលឿនទៀតផង។
សូមប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយ សាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥ម៉ែត្រពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តឱ្យបាន ៣ការពារ ៣កុំ។
លោក គាត តូ បន្តថា ទោះបីប្រទេសជាតិកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងជីវភាពដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ដូចច្នេះសូមអាជីករ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខភិបាល គឺឧស្សាហ៍លាងដៃនឹសាប៊ូ ឬអាល់កុល ឬជែល និងវាស់កំដៅនៅតាមគ្រប់ច្រកចេញចូលផ្សារ នីមួយៗឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព ដល់អតិថិជនកុំឱ្យឆ្លងនៅជំងឺកូវីដ-១៩។
លោក គាត តូ ប្រធានគម្មការផ្សារចាក់អង្រែ បានបញ្ជាក់ថា អង្ករជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈអភិបាលរាជធានីភ្នំពេញ ផ្តល់ជូនគណ:កម្មការផ្សារចាក់អង្រែ ដើម្បីធ្វើការចែកជូនដល់អ្នកលក់ដូរតាមកញ្ជើ កញ្ច្រែង ដែលមានជីវភាពខ្វះខាត ដោយក្នុងម្នាក់ ទទួលបានអង្ករចំនួនម្នាក់ ១បាវ ស្មើ ២៥គីឡូក្រាម និងថវិកា ១ម៉ឺនរៀល៕