Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស១៣១នាក់ នៅស្រុកមុខកំពូល បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសម្នាក់រត់ពីភ្នំពេញ ទៅខេត្តពោធិ៍សាត់ បានយកសំណាករួចរាល់ហើយ

29-03-2021 12:00

(កណ្ដាល)៖ បុគ្គលិកធនាគារ ACLEDA និងធនាគារ ABA រួមនិងប្រជាពលរដ្ឋសរុប១៣១នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំពោះបុគ្គលឈ្មោះ មួន សុភាន់ មានទីលំនៅនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដែលបានរត់គេចចេញពីភ្នំពេញ ទៅខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរដាក់ឱ្យធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យរួចរាល់អស់ហើយនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ស្ថិតនៅក្នុងឱកាសចុះយកសំណាកពលរដ្ឋទាំង១៣១នាក់នេះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា បានបន្ទាប់ពីក្រុមការងារបានធ្វើការ ស្រាវជ្រាវកំណត់មុខសញ្ញាដឹងថា ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខាងលើនេះ ធ្លាប់បានជាប់ពាក់ព័ន្ធជាមួយនឹងបុគ្គលនោះកន្លងមក ក្រុមការងារបានរួតរះចុះមកយក សំណាកពីពួកគាត់ និងស្នើឲ្យមានការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ព្រមទាំងជូនអំណោយដល់ពួកគាត់ផងដែរ។ រីឯធនាគារ ACLEDA និងធនាគារ ABA ត្រូវផ្អាកបណ្ដោះអាសន្នសិន តាំងពីថ្ងៃសុក្រ សប្តាហ៍មុនមកម្លេះ។

លោកអភិបាលរងខេត្តបានបន្តថា យោងតាមការណែនាំនិងយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្រុមការងារបានចុះមកធ្វើការលើរឿង នេះ ប្រកបដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ មិនឲ្យមានការរីកសាយភាយ ជាបន្តបន្ទាប់នោះទេ។

ទន្ទឹមនឹងនេះដែរលោក តាំង ម៉េងលាន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលយល់ព្រមក្នុងការចូលរួមសហការជាមួយនឹងមន្ត្រីពេទ្យ និងអាជ្ញាធរ ដើម្បីយកសំណាកពួកគាត់ និងការសហការល្អក្នុងការធ្វើចត្តាឡីស័កដោយគ្មានជំទាស់ឡើយ៕