(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបន្តជំរុញឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការបន្តជំរុញបែបនេះ របស់អភិបាលខណ្ឌឬស្សីកែវ បានធ្វើឡើងក្នុងពេលលោកដឹកនាំលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, កម្លាំងនគរបាល និងសណ្ដាប់ធ្នាប់ខណ្ឌ ព្រមទាំងមន្ត្រីរាជការមួយចំនួនផ្សេងទៀត ចុះចែកស្បៀងអាហារជូនដល់បង-ប្អូនប្រជាពលរដ្ឋ ចំនួន១០៤នាក់ ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងបន្តធ្វើចត្តាឡីស័ក ស្ថិតនៅទីតាំងផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ក្នុងសកម្មភាពមនុស្សធម៌នេះ លោក ជា ពិសី បានបន្តជំរុញឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ «៣ការពារ និង៣កុំ» តាមវិធានការរបស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ជា ពិសី បានគូសបញ្ជាក់ថា វិធានការ ៣ការពារគឺ ការពាក់ម៉ាស់ ការលាងដៃនឹងអាកុល ឬជែល និងការរក្សាគម្លាតសង្គមចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។ ឯវិធានការ ៣កុំគឺ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ឬកន្លែងម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ពាល់គ្នា (គ្រប់រូបភាព)។
លោកថា វិធានការ២ចូលក៏កាន់តែសំខាន់ទៀត គឺការចូលរួមស្កេន ឃ្យូអរកូដ និងការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលវិធានទាំងអស់នេះជាឱសថទិព្វ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ហើយក៏ជាអាវុធដើម្បីបញ្ចប់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។
សូមជម្រាបថា ចំពោះគ្រឿងឧបភោគបរិភោគជាអំណោយផ្ទាល់របស់អភិបាលខណ្ឌឫស្សីកែវ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងកំពុងបន្តធ្វើចត្តាឡីស័កតាមទីតាំងកើតហេតុ រួមមាន៖ អង្ករ២០០គីឡូក្រាម, ត្រីងៀត១៥គីឡូក្រាម, មី១០កេស, ទឹកស៉ីអ៉ីវ-ទឹកត្រី០២យួរ, ភេសជ្ជៈ១០កេស, ជែលលាងដៃសម្លាប់មេរោគ ចំនួន១៤៤ដប សាប៊ូកក់សក់១០ដប និងឃីត២០កញ្ចប់ (មានគ្រឿងឧបភោគបរិភោគ០៧មុខ)៕