(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់អ្នកដែលធ្លាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ចំនួន ៤រូប ដែលឆ្លងចេញពីបន្ទប់ព្យាបាលជំងឺ «សាន ភីរ៉ូ» ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា បុគ្គល៤រូប ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ រួមមាន៖ ឈ្មោះ ឡាយ ស៊ីណា អាយុ ៤៣ឆ្នាំ, ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ, ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ និង ឈ្មោះ សួន លីជីង អាយុ ១៥ឆ្នាំ។ ជនទាំង៤នាក់នេះ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានក្រើនរំលឹកដល់អ្នកធ្លាប់បានទៅបន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវនេះ ត្រូវទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
អនុគណៈកម្មស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកដែលចេញរោគសញ្ញា រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ អាចទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅ វិទ្យាល័យ បាក់ទូក , វិទ្យាល័យ បឹង ត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕