(បន្ទាយមានជ័យ)៖ ក្រុមក្មេងទំនើងដែលដាក់រហ័សនាមខ្លួនឯងថា ជាក្រុមសូឡូ និងតែងតែចេញធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដ៏ទៃ ឲ្យតែហ៊ានមើលមុខ និងជិះម៉ូតូវ៉ាខ្លួន ពេលនេះត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ បោន សីហា អធិការនគរបាលស្តីទីក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត បានឃាត់ក្រុមក្មេងទំនើងចំនួន២នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត និងដកហូតបានកាំបិតចំនួនមួយដើមព្រមទាំងម៉ូតូ១គ្រឿង យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ក្រោយពីបានសួរនាំក្មេងទាំង២នាក់ កម្លាំងនគរបាលក្រុងបានបន្តឃាត់ខ្លួនបក្ខពួកប្រុសស្រីចំនួន៧នាក់បន្ថែមទៀត និងបានដកហូតកាំបិតកែច្នៃ១ដើម និងកាំបិតប៉័ងតោចំនួន១ដើម ព្រមទាំងម៉ូតូ២គ្រឿង ម៉ាកហុងដាហ្សូមម័រ អ៊ិច និងម៉ាក ហុងដាឌ្រីមC125 នៅចំណុចបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកអធិការស្តីទី បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង៩នាក់ ដែលត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន រួមមាន៖
ទី១៖ ឈ្មោះ ភា រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ
ទី២៖ ឈ្មោះ ហយ រស់ ភេទប្រុស អាយុ២១ឆ្នាំ
ទី៣៖ ឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ
ទី៤៖ ឈ្មោះ ចាន់ ឌឿន ភេទប្រុស អាយុ១៦ឆ្នាំ
ទី៥៖ ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ១៤ឆ្នាំ
ទី៦៖ ឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៥ឆ្នាំ
ទី៧៖ ឈ្មោះ អែម ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ
ទី៨៖ ឈ្មោះ អ៊ុំ ចាន់ថន ភេទស្រី អាយុ១៤ឆ្នាំ
ទី៩៖ ឈ្មោះ សយ សុខលី ភេទស្រី អាយុ១៥ឆ្នាំ។ ក្មេងទំនើងទាំង៩នាក់ រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ បោន សីហា បានឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៩នាក់ បាននិយាយថា ក្រុមខ្លួនមានគ្នា១០នាក់ដាក់រហ័សនាមក្រុមខ្លួនថា សូឡូធ្លាប់ដើរធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដ៏ទៃច្រើនដងផងដែរ ឲ្យតែមើលមុខ និងជិះម៉ូតូវ៉ាពួកគេ ក៏ក្រុមគេកាប់ដែរឲ្យតែខ្នើសចិត្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ក្មេងទំនើងបាន៩នាក់ កម្លាំជំនាញបានស្រង់ចម្លើយរួច កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបន្តឈានទៅដល់ការឃាត់ខ្លួនបានបក្ខពួកចំនួន៣នាក់បន្ថែមទៀត រួមមាន៖
ទី១៖ ឈ្មោះ សែ ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ
ទី២៖ ឈ្មោះ កែវ ពៅលាក់ ភេទប្រុស អាយុ២០ឆ្នាំ
ទី៣៖ ឈ្មោះ តឿន នេត្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់ក្រុងប៉ោយប៉ែត ដោយបានដកហូតបានកាំបិតខ្វែវចំនួន១ដើម ព្រមទាំងម៉ូតូម៉ាកអ៊ិចស៊ិនទ័រមួគ្រឿងផងដែរ។
ចំពោះក្មេងស្រីចំនួន២នាក់ ត្រូវបានព្រះរាជ្ញអាជ្ញា អនុញ្ញាតឲ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយឲ្យនាំមកយកត្រឡប់ទៅផ្ទះវិញ។ ចំពោះក្មេងទំនើងប្រុសៗចំនួន១០នាក់ និងវត្ថុតាងដាវកាំបិត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕