(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានរកឃើញមនុស្សចំនួន៤នាក់ទៀត បានឆ្លងកូវីដ១៩ ដែលពាក់ព័ន្ធជាមួយ បន្ទប់ព្យាបាលជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩រួមមាន៖

ទី១៖ ឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ
ទី២៖ ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ
ទី៣៖ ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ
ទី៤៖ ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ។ ពួកគេទាំង៤នាក់ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ នៅគ្លីនិកឯកមួយនេះកើនឡើងដល់៩នាក់ហើយ រួមមាន៖ ម្ចាស់គ្លីនិក (លោកគ្រូ សាន ភីរ៉ូ) គ្រូពេទ្យ២នាក់ អ្នកទៅមើលជំងឺ២នាក់ បូករួមជាមួយអ្នកជំងឺ៤នាក់ទៀត ដែលរកឃើញនៅថ្ងៃនេះ។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែកអ្នកដែលបានចេញចូលទីតាំងខាងលើ ឬប៉ះពាល់ជាមួយគ្រូពេទ្យនៅទីនេះ តែមិនទាន់ចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕