(បន្ទាយមានជ័យ)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយអភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ កំពុងធ្វើចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ទូទាំងខេត្តចំនួន ៤៨គ្រួសារ។
ថ្លែងក្នុងឱកាសនាំយកស្បៀងជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ លោកស្រីអភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យអាជ្ញាធរខេត្តទាំងអស់ ជាពិសេសខេត្តដែលនៅជាប់នឹងព្រំដែន ត្រូវមើលការខុសត្រូវ ចំពោះពលករ និងជនបរទេសចូលទៅក្នុងខេត្តនោះ អាជ្ញាធរបានបង្កើតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ១៩នៅក្នុងខេត្ត។
លោកស្រីអភិបាលខេត្ត បានបន្តទៀតថា ពលរដ្ឋកំពុងធ្វើចត្តាឡីស័កទាំង៤៨គ្រួសារ ដែលទទួលបានគ្រឿងឧបភោគ បរិភោគនាពេលនេះ គឺជាប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរទីលំនៅមកពីតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងការផ្តល់ស្បៀងនោះ អភិបាលខេត្ត ក៏បានឆ្លៀតណែនាំបន្ថែមទៀត ឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័កតាមផ្ទះទាំង ៤៨គ្រួសារ ទទួលបានអំណោយក្នុងមួយគ្រួសារ៖ អង្ករ មី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ និងត្រីខ និងថវិកាមួយចំនួនផងដែរ៕